ភ្នំពេញ ៖ បុរសម្មាក់ជាជាងជួសជុលរថយន្ត បើកម៉ូតូដេញតាមពីក្រោយរថយន្តមេជាង ហោះបុកផ្ទប់របងថ្ម បោករងរបួសធ្ងន់ធ្ងរ បែកមុខបាក់ធ្មេញអស់៣ដើម សន្លប់ឈឹង ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងតាមផ្លូវបេតុង កែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ចាន់ អ៊ុក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានក្នុងភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីពីក្រុមជាងជួសជុលរថយន្តបានឲ្យដឹងថា មុនកើតហេតុ មេជាងបានបើករថយន្តមួយគ្រឿងយកទៅឲ្យគេ នៅក្នុងភូមិខាងលើ ក្រោយពីជួសជុលរួចហើយ ដោយឲ្យជនរងគ្រោះជាកូនជាងជិះម៉ូតូ ម៉ាកZOOMER ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GB-9666 ជិះតាមពីក្រោយ តាមផ្លូវ៣០ម៉ែត្រ បត់ចូលផ្លូវបេតុងចូលភូមិកើតហេតុ ពីត្បូងទៅជើង លុះរថយន្តមេជាងបត់ស្តាំចូលទៅបាត់ នៅជនរងគ្រោះបើកដេញតាមពីក្រោយ ដល់ចំណុចកែងបត់ស្តាំ បែជាជាប់ហ្គា ធ្វើឲ្យម៉ូតូហោះទៅបុកផ្ទប់នឹងរបងថ្ម បណ្តាលឲ្យបោករងរបួសធ្ងន់ បែកមុខបាក់ធ្មេញអស់៣ដើម ហូរឈាមកក្លាក់ សន្លប់ឈឹង ម៉ូតូខូចខាតធ្ងន់ ។

ហេតុការណ៍កើតឡើងភ្លាមៗ សមត្ថកិច្ចមូលដ្ឋានចុះទៅ ជួយហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ជាមេជាងជួសជុលរថយន្តយកទៅជួសជុលដោយខ្លួនឯង ខណៈដែលរងគ្រោះពុំបង្កដល់អ្នកដទៃ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.