ឯកឧត្តម ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងកិច្ចប្រជុំមួយដែលត្រូវបានចេញផ្សាយនាថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ បានណែនាំដល់ក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុងទាំងបីផ្នែក រួមមានផ្នែកសន្តិសុខសាធារណៈ ផ្នែករដ្ឋបាលស៊ីវិល និងផ្នែកពន្ធនាគារណ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ក្នុងនោះក៏រួមទាំងភាពមិនប្រក្រតីនៃការដំឡើងស័ក្ដិ និងការតែងតាំងមន្រ្តីនគរបាលជាតិផងដែរ។

កិច្ចប្រជុំដែលមានការចូលរួមពីឧត្តមសេនីយ៍ទោ ស៊ុយ ច័ន្ទវិជ្ជនី ដែលទើបចូលកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តមអគ្គនាយកសវនាកម្មផ្ទៃក្នុង បានណែនាំឱ្យត្រួតពិនិត្យឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ជាពិសេសលើការតែងតាំង និងដំឡើងឋានន្តរស័ក្តិដែលមានភាពមិនប្រក្រតី ដើម្បីរៀបចំរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ពិនិត្យ និងចាត់វិធានការបន្ត។

នៅឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យធ្វើសវនកម្មផ្ទៃក្នុងលើការងារតែងតាំងមុខតំនែង និងដំឡើងឋានន្តរស័ក្ដិ​ន្រ្តីនគរបាលជាតិ។ សម្ដេចក្រឡាហោម បានអះអាងថាមន្រ្តីនគរបាលខ្លះ៣ទៅ៤ឆ្នាំមិនទាន់បានឡើងស័ក្ដិម្ដង ខណៈមន្រ្តីខ្លះមួយឆ្នាំឡើង២ដងក៏មាន។ ចំណែកថ្នាក់ដឹកនាំនគរបាលវិញ មួយចំនួនមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនគរបាលនោះទេ។ ទីបំផុតមានថ្នាក់ដឹកនាំនគរបាលជាច្រើនពាក់នាក់ ត្រូវបានរកឃើញ និងបញ្ជូនឱ្យទៅរៀនជាបន្តបន្ទាប់នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា«គ្រប់មន្ត្រីនគរបាលដែលមានតួនាទីចាប់ពីអគ្គនាយកដ្ឋានចុះ គឺមិនទុកឲ្យនរណាម្នាក់មិនបានរៀនសូត្រវិជ្ជាជីវៈនគរបាលនោះទេ ហើយបើនរណាមិនព្រមមករៀននោះ សូមដើរចេញពីនគរបាល»។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការអនុវត្តនេះត្រូវធ្វើឲ្យបានម៉ត់ចត់ ដោយពុំមានការយោគយល់ ផ្អែកលើមនោសញ្ចេតនា គឺត្រូវតែអនុវត្តផ្អែកទៅលើគោលការណ៍ដែលបានរៀបចំ។ ក្នុងករណីដែលមន្ត្រីមានការមមាញឹកក្នុងការងារនៅក្នុងអង្គភាព អាចរៀនព្រឹក ធ្វើការល្ងាចបានតាមភាពជាក់ស្តែង ក្នុងអង្គភាពរបស់ខ្លួន ការធ្វើបែបនេះ គឺដើម្បីឲ្យមន្ត្រីគ្រប់រូបអាចទទួលបានចំណេះដឹង និងបំពេញការងារនៅតាមអង្គភាពបាន និងថាអ្នកដែលមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនឹងមិនត្រូវបានប្រគល់តួនាទីឡើយ៕

Share.