ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា២នាក់បងប្អូន ឆ្លងផ្លូវ ត្រូវបានរថយន្តPrius បើកបុករងរបួសធ្ងន់ ម្នាក់បាក់ដៃ ម្នាក់បាក់ជើង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ កែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ឈ្មោះ ប៉ុក ចាន់តួ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្អូន របួសបាក់ដៃឆ្វេង ជាអ្នកបើកម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-4061 ។ ចំណែកបងប្រុសរួមដំណើរជាមួយ ឈ្មោះ ខើយ ជួន អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសបាក់ជើងឆ្វេង ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។

ប្រភពបន្តទៀតថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូឌុបគ្នាឆ្ពោះទៅធ្វើការរោងចក្រនៅសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ឆ្លងផ្លូវជាតិលេខ៣ បត់ទៅត្បូង ស្រាប់តែមានរថយន្តម៉ាក Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BA-4878 បើកលឿនតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ជ្រុលបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្ត របួសធ្ងន់ទាំង២នាក់ ។

ជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានក្រុមបុគ្គលិក សន្តិសុខ គ្លីនិកឯកជន ខ្មែរមេឌីឃែរ នៅក្បែរនោះ នាំគ្នាលើកសែងចូលទៅខាងក្នុងគ្លីនិក ក៏ប៉ុន្តែពិនិត្យមើល ដឹងថារបួសធ្ងន់ធ្ងរ ខាងគ្លីនិកប្រាប់ឲ្យក្រុមគ្រួសារ ហៅម៉ូតូកង់បីដឹកនាំជនរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈវិញ ។ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.