ភ្នំពេញ៖បុរសម្នាក់បានដេកស្លាប់នៅលើអង្រឹងក្នុងបន្ទប់ជួលរបស់ខ្លួន សង្ស័យដោយសារខ្យល់គរ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញ បុរសជាជនរងគ្រោះបានចូលក្នុងបន្ទប់ ជួលសម្រាកដូចសព្វមួយដង បន្ទាប់ពីត្រឡប់មកពីធ្វើការវិញ។លុះដល់ម៉ោងប្រហែលជា 8 យប់ ពេលដែលប្រពន្ធត្រឡប់មកពីធ្វើការវិញ បានគោះទ្វារហៅប្ដីដែលដេកនៅក្នុងបន្ទប់ មិនឮឆ្លើយក៏រុញទ្វារចូលទៅ ឃើញប្ដីដេកលើអង្រឹងមានសភាពហូរឈាមតាមត្រចៀកនិងច្រមុះ ចំណែកឯដៃឡើងពណ៌ស្វាយក៏ស្រែកឆោឡោឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រួចរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យទើបដឹងថា ប្ដីបានស្លាប់បាត់ទៅហើយ។

សពជនរងគ្រោះមានឈ្មោះ យ៉ុង ប៊ុនធឿន ភេទប្រុស អាយុ 43 ឆ្នាំ ស្នាក់នៅបន្ទប់ជួលមួយកន្លែងលេខ k9 មានមុខរបរជាសន្តិសុខនៅក្រុមហ៊ុនឯកជនមួយកន្លែង និងមានស្រុកកំណើតឯខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចជំនាញកោសល្យវិច័យ ដែលបានចុះមកត្រួតពិនិត្យលើសពជនរងគ្រោះបានដឹងថា ស្ថានភាពសពជនរងគ្រោះ មានសភាពរឹង ត្រចៀកនិងច្រមុះមានហូរឈាម បណ្ដាលមកពីខ្យល់គរទើបដាច់សរសៃឈាម បណ្ដាលអោយបាត់បង់អាយុជីវិតតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 8:00 យប់ ថ្ងៃទី 27 ខែតុលា ឆ្នាំ 2022 ក្នុងផ្សារដើមអំពិល ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីសមត្ថកិច្ចជំនាញ ត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើសពជនរងគ្រោះ ឃើញថាពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន ក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តត្បូងឃ្មុំ៕

អត្ថបទ៖ត្រយង តូច

Share.