ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា ពិភពលោកបានប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ២៨ ខែ តុលា ឆ្នាំ ២០២២។

នៅក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏យូរបំផុតរបស់លោក ពូទីន ចាប់តាំងពីលោកបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេស អ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែ កុម្ហៈមក លោក ពូទីន បានផ្ដល់សញ្ញាថា លោកមិនមានការសោកស្ដាយចំពោះអ្វីដែលលោកហៅថា «ប្រតិបត្តិការពិសេស» ហើយបានចោទប្រកាន់លោកខាងលិចថា បានញុះញង់ឲ្យមានសង្រ្គាម និង ស្ដីបន្ទោសចំពោះការលេងល្បែងភូមិសាស្រ្តនយោបាយដ៏គ្រោះថ្នាក់ បង្ហូរឈាម និង កខ្វក់។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វិទ្យាស្ថាន Valdai Discussion Club នៅទីក្រុង មូស្គូកាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ តុលា លោក ពូទីនបាននិយាយថា «យើងកំពុងឈរនៅលើព្រំដែនប្រវត្តិសាស្រ្ត។ ទៅមុខ គឺប្រហែលជាទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត និង មិនអាចទាយទុកជាមុនបាន ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២»។

លោកនិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូ បានជួយញុះញង់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយក្នុងពេលជាមួយគ្នានេះ ណាតូបានបង្កវិបត្តិលើអធិបតេយ្យភាពរបស់ចិននៅតៃវ៉ាន់ ដើម្បីពង្រឹងអំណាចគ្រប់គ្រងពិភពលោករបស់ខ្លួន។

មេដឹកនាំរុស្ស៊ីបានកត់សម្គាល់ថា នៅពេលទីក្រុងមូស្គូ បង្ហាញនូវកង្វល់ផ្នែកសន្តិសុខ ដែលចាំបាច់ត្រូវដោះស្រាយដើម្បីបញ្ចៀសវិបត្តិអ៊ុយក្រែនកាលពីខែធ្នូ ឆ្នាំ ២០២១ ខណៈអង្គការណាតូបានទុកចោលសំណើនៅមួយឡែក។ វិបត្តិ​បាន​ឈាន​ដល់​កម្រិត​ពិភពលោក​យ៉ាង​ពិត​ប្រាកដ។ វា​ប៉ះពាល់​ដល់​អ្នក​រាល់​គ្នា ហើយ​យើង​មិន​គួរ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ផ្សេង​ទៀត​ឡើយ។

យ៉ាងណាម៉ិញ លោក ពូទីន ក៏បានចោទប្រកាន់បស្ចិមប្រទេស ពីការបង្កាច់បង្ខូចនុយក្លេអ៊ែរប្រឆាំងនឹងរុស្ស៊ី ដើម្បីបង្ខំឲ្យសម្ព័ន្ធមិត្តងាកចេញពីទីក្រុងមូស្គូផងដែរ៕

ប្រភព៖ CNA

Share.