ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់មិនដឹងមានរឿងអ្វីនោះទេ បានដកកាំភ្លើងខ្លីមួយដើមបាញ់មេឃចំនួន៦គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅកម្លាំងអាវុធហត្ថឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ ត្រង់ចំណុចមុខ ហាងពិភពសាច់អាំង១៦៨ នៅតាមបណ្ដោយផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់ដើរតាមបណ្ដោយផ្លូវលេខ ៤៥៦ ក្នុងទិសដៅ ពីលិចទៅកេីតខណៈមកដល់ចំណុចកើតហេតុមិនដឹងកើតទុក្ខមិនសុខចិត្តរឿងអីនោះទេ ក៏បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើចំនួន៦គ្រាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗបន្ទាប់មកនោះកម្លាំងអាវុធហត្ថខណ្ឌចំការមនបានចុះមកដល់ទីតាំងកន្លែងកើតហេតុឃាត់ខ្លួនជនដៃដល់តែម្ដង ។

បច្ចុប្បន្នជនជាតិចិនដែលជាខ្មាន់កាំភ្លើងត្រូវបានកម្លាំងអាវុធហត្ថ យកទៅសួរនាំដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖វិច្ឆិកា

Share.