ភ្នំពេញ ៖ បុរសម្នាក់ខណៈដែលខ្លួនមានជំងឺប្រចាំកាយ ខ្សោយសតិបញ្ញា ក្រោយពីខឹងប្រពន្ធមិនឲ្យរួមដំណេក ២ដង រត់ចេញពីផ្ទះ បាត់មួយយប់ ព្រឹកឡើងស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅរបងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ថន សុវណ្ណនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ។ មានប្រពន្ធ ឈ្មោះ គង់ ណារី អាយុ៤០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានស្រុកកំណើតនៅភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គជ័យ ខេត្តកំពត មានកូនប្រុសម្នាក់ ក្នុងបន្ទុកគ្រួសារ ។

យោងតាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា បុរសរងគ្រោះ មានជំងឺខ្សោយសតិ បញ្ញា ស្មារតី តាំងពីវ័យក្មេងមកម្ល៉េះ ហើយកន្លងមកជួបបញ្ហាផ្នែកសុខភាព ឆាប់ខឹង ឆេវឆាវ អារម្មណ៍មិនប្រក្រតី ច្រើនលើកច្រើនសារ ។

តាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមកជនរងគ្រោះខឹងប្រពន្ធម្តងហើយ តែប្រពន្ធដឹងរឿងពីសុខភាពប្តីក៏មិនតបត ជនរងគ្រោះចេញទៅដេកក្រៅផ្ទះអស់៣ថ្ងៃ ទើបតែនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ទើបចូលផ្ទះឈប់ខឹងហើយត្រូវគ្នាជាមួយប្រពន្ធវិញ។ លុះដល់វេលាល្ងាចថ្ងៃដដែលជនរងគ្រោះជាប្តីបានរួមដំណេកជាមួយប្រពន្ធបានមួយលើក ហើយសុំម្តងទៀតតែប្រពន្ធមិនព្រមព្រោះប្តីកំពុងមានបញ្ហាសុខភាពលុះអត់បាន…លើកទី២ ស្រាប់តែជនរងគ្រោះខឹងច្រឡោត រត់គេចចេញពីផ្ទះទៅបាត់ អស់រយៈពេលមួយយប់ទៅហើយ មិនឃើញវិលវិញ ស្រាប់តែនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នេះ ពលរដ្ឋអ្នកឡើងត្នោតជាអ្នកក្បែរខាងទៅប្រាប់ ប្រទះឃើញជនរងគ្រោះសម្លាប់ខ្លួនដោយចងក ភ្ជាប់នឹងរបងថ្ម ទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ទៅជួយពិនិត្យ ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.