ប្រទេសកម្ពុជាបានបញ្ចូលបេក្ខភាពបវរកញ្ញាទៅចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand International អស់រយៈពេល ៩ ឆ្នាំហើយ បានន័យថាបេក្ខភាពតំណាងឱ្យកម្ពុជាទាំងអស់មាន ៩ជំនាន់ គឺគិតចាប់តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ បវរកញ្ញា​ឯកដ៏អស្ចារ្យកម្ពុជាតាមជំនាន់នីមួយៗ សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត មានភាពក្លាហាន មានប្រជាប្រិយភាព និងអាចនិយាយភាសាបរទេសបានដោយភាពជឿជាក់។

ជាមួយគ្នានោះដែរ សម្រាប់កម្ពុជាយើង បានទិញសិទ្ធរៀបចំកម្មវិធី Miss Grand Cambodia ជា២ដំណាក់កាល ដែលពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ គឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន BKA Entertainment លុះដល់ឆ្នាំ ២០១៩ ទើប Miss Grand Cambodia ប្ដូរសិទ្ធរៀបចំកម្មវិធីឱ្យក្រុមហ៊ុនមហាហង្សរៀបចំវិញម្ដង ក្រោមការដឹកនាំដោយលោកអគ្គនាយក អ៊ិន សុភិន។

ថ្ងៃនេះសារព័ត៌មានត្រយង សូមបង្ហាញមុខបេក្ខភាពបវរកញ្ញា​ឯកដ៏អស្ចារ្យកម្ពុជា ឬ Miss Grand Cambodia ទាំង ៩ ជំនាន់ដែលបានចូលរួមប្រកួតលើវេទិកា Miss Grand International ដែលពួកគេបាននាំភាពជោគជ័យជាច្រើនដើម្បីស្ត្រីកម្ពុជានៅលើវេទិកាអន្តរជាតិនេះ៖

1-នូ ទឹមស្រីនាថ MGC 2014

កញ្ញា នូ ទឹមស្រីនាថ ជា​ម្ចាស់​ជ័យលាភី​លេខ​១ របស់​ក្រុម Khmer Super Model រៀបចំ​ដោយ​ក្រុមហ៊ុន BKA Entertainment ហើយកញ្ញាត្រូវបានជ្រើសជាបេក្ខភាពបវរកញ្ញាតំណាងកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2014 នៅប្រទេសថៃ។ នូ ទឹមស្រីនាថ MGC 2014 បានឈ្នះពាន «Popular Votes» គឺពានបវរកញ្ញាប្រជាប្រិយភាពជាងគេតាមរយៈការបោះឆ្នោត។

2-សេង ប៉ូវិធាវី MGC 2015

កញ្ញា សេង ប៉ូលវិធាវី ជាបវរកញ្ញា Miss Grand Cambodia 2015 ហើយកញ្ញាជាបវរកញ្ញាជំនាន់ទី២ដែលបានទៅចូលរួមប្រកួតលើឆាកអន្តរជាតិផង Miss Grand International នៅប្រទេសថៃ។

3-ហេង ចន្ថា MGC 2016

កញ្ញា ហេង ចន្ថា គឺជា Miss Grand Cambodia 2016 ជំនាន់ទី៣ ដែលតំណាង​ឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅលើវេទិការអន្តរជាតិ Miss Grand International នៅសហរដ្ឋអាមេរិក ប៉ុន្តែសោកស្ដាយដែលកញ្ញាមិនអាចទៅប្រកួតវិញ ដោយសារតែខាងស្ថានទូតអាមេរិកនៅភ្នំពេញមិនផ្ដល់ទិដ្ឋិការឱ្យកញ្ញា ក្រោមហេតុផលថា ខ្លាចនាងទៅហើយមិនត្រឡប់មកវិញ។

4-ខ្លឹម ស្រីគា MGC 2017

ខ្លឹម ស្រីគា គឺជាបវរកញ្ញាម្ចាស់មកុដ Miss Grand Cambodia 2017 ដែលទៅចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម ហើយកញ្ញាឈ្នះបានពាន «Grand Pageant’s Choice Award» តាមរយៈការបោះឆ្នោតផងដែរ។

5-ឌី លីកា MGC 2018

ឌី លីកា MGC 2018 បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2018 នៅប្រទេសភូមា និងបានដើរបង្ហាញឈុតតំណាងជាតិ «ទេពីស្រីសួគ៌បវរឦសានបុរៈ» ទទួលពិន្ទុខ្ពស់ជាងគេបំផុតពីការ Like និង Share និងបានឈ្នះពាន «Grand Pageant’s Choice Award»។

6-ដេត ស្រីនាឌ MGC 2019

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលក្នុងកម្មវិធី «Miss Grand Cambodia 2019» ម្ចាស់ជ័យលាភីបវរកញ្ញាឯកដ៏អស្ចារ្យគឺកញ្ញា ដេត ស្រីនាថ តំណាងឱ្យកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវេណេហ្សូអេឡា ជាម្ចាស់ផ្ទះ។ ដោយសង្កេតឃើញថាប្រទេសនោះ អសន្តិសុខក្នុងភ្លើងសង្គ្រាម កញ្ញា ដេត ស្រីនាថ និងបវរកញ្ញារបស់ប្រទេសមួយចំនួនទៀត បានធ្វើពហិកាមិនចូលរួមប្រកួតវិញ។

7-លីវ ជីលី MGC 2020

ម្ចាស់មកុដ Miss Grand Cambodia 2022 គឺជាកញ្ញា លីវ ជីលី ដែលតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ។ នៅពេលនេះ កញ្ញាទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រខ្លាំងមែនទែន រហូតដល់ឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year» ។ តាមរយៈការទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេបង្អស់ក្នុងចំណោម Miss Grand មកពី ៦៣ ប្រទេស កញ្ញា លីវ ជីលី បានបោះជំហ៊ានដល់វគ្គ Top 20 ដោយស្វ័យប្រវត្តិ។

8-ប៉ូ គឹមថេងសុតធីតា MGC 2021

នៅក្នុងឆ្នាំ ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា បានក្លាយជាបវរកញ្ញាឯកដ៏អស្ចារ្យតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅលើវេទិការអន្តរជាតិ Miss Grand International 2021 នៅប្រទេសថៃ។ កញ្ញាឈ្នះបានពាន «Popular Votes» និងបានចូលទៅកាន់វគ្គ Top 10 ដោយស្វ័យប្រវត្តិតាមរយៈការឈ្នះសំឡេងបោះឆ្នោតច្រើនជាងគេ។ កញ្ញាគឺជាបេក្ខភាព Miss Grand Cambodia ដំបូងដែលបានឈានជើងដល់វគ្គកំពូល Top 10។

9-ពេជ្រ វត្តីសារ៉ាវឌ្ឍី MGC 20122

សម្រាប់បេក្ខភាពបវរកញ្ញាឯកដ៏អស្ចារ្យជំនាន់ទី ៩ គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 បានទៅចូលរួមប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ី។ កញ្ញាក៏ជាបវរកញ្ញាកម្ពុជាជំនាន់ទី ២ ដែលបានចូលដល់វគ្គកំពូល Top 10 ដោយសមត្ថភាព ភាពក្លាហានឆ្លាតវៃ និងរូបសម្រស់ មិនមែនដោយការឈ្នះសំឡេងឆ្នោតឡើយ។ ជាមោទនភាពមួយសម្រាប់កញ្ញា មកុដជ័យលាភីលំដាប់រងទី ៥ « The 5 Runner Up » ត្រូវបានបំពាក់ឱ្យកញ្ញានៅយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។ បើទោះបីជាមានរឿងចម្រូងចម្រាសក្នុងស្រុកយ៉ាងណាក៏ដោយ ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែបង្ហាញថា ស្ត្រីខ្មែរគឺអាចធ្វើបានដ៏អស្ចារ្យនៅលើវេទិកាអន្តរជាតិ។

Share.