កណ្ដាល ៖ យុវតីជាសិស្សសាលាម្នាក់ សុំម្តាយទិញម៉ូតូថ្មី តែម្តាយគ្មានលុយទិញឲ្យ បានសម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅលើផ្ទះ មានទាំងសរសេរបណ្តាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

យុវតីរងគ្រោះ‌ឈ្មោះ ហេង ចាន់ថារី អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា រស់នៅជាមួយជីដូន ក្នុងភូមិភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកឪពុកឈ្មោះ ងួន សុខហេង និងម្តាយឈ្មោះ វុទ្ធី ចាន់ឌី ជាប់រវស់ស្នាក់នៅ ធ្វើការងារនៅរាជធានីភ្នំពេញ ។

តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា យុវតីរងគ្រោះ និងប្អូន២នាក់ទៀត ឈ្មោះ ហេង មុីលីម ភេទស្រី អាយុ ១០ឆ្នាំ ឈ្មោះ ហេង ប៉េងហុង ភេទប្រុស អាយុ៧ឆ្នាំ ក្មេងទាំង៣នាក់បងប្អូនរស់នៅជាមួយជីដូនឈ្មោះ បុិច ថន ។ ចំណែកឪពុកម្តាយរបស់ពួកគេ ជាប់រវល់ស្នាក់នៅ ធ្វើការងារនៅឯរាជធានីភ្នំពេញ ក្នុងមួយខែឪពុកម្តាយទៅផ្ទះបាន១ដងឬ២ដង ។

ប្រភពបន្តទៀតថា កន្លងមកយុវតីរងគ្រោះតែងតែសុំឪពុកម្តាយទិញម៉ូតូថ្មី គ្រាន់នឹងបានជិះដើរលេងជាមួយមិត្តភក្តិតែឪពុកម្តាយមិនព្រម ព្រោះគ្មានលុយ ជីវភាពក្រីក្រ ទោះជាពន្យល់ហេតុផល ប្រាប់កូនស្រីយ៉ាងណាក្តី នៅ តែទារ ទិញម៉ូតូដដែលៗ ទឺកចិត្តឪពុកម្តាយ កុំថាឡើយទិញម៉ូតូ ចង់ទិញឡានឲ្យកូនទៀត តែធំរឿងអត់លុយ ។

តាមការបំភ្លឺពីជីដូនជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឡើងទៅលើផ្ទះតាម ហៅ ចៅឲ្យចុះហូបបាយ ស្រាប់តែប្រទះឃើញចៅស្រីឈ្មោះ ហេង ចាន់ថារី ចងកសម្លាប់ខ្លួន ដោយយកក្រមាចងភ្ជាប់នឹងធ្នឹមផ្ទះ ស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ។

សពយុវតីរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យរួច ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖តាតុង សែនជ័យ

Share.