ក្រសួងមហាផ្ទៃ តាមរយៈលិខិតចុះហត្ថលេខាដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ​ បានជម្រាបទៅកាន់អភិបាលរាជធានី និងខេត្ត នៅថ្ងៃនេះឱ្យណែនាំនិងអនុវត្តកិច្ចការសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់នៅក្នុងអំឡុងពេលនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

បើតាមក្រសួងមហាផ្ទៃ បន្ថែមលើការយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ស្មៀនឃុំ-សង្កាត់ត្រូវមានវត្តមានជាប្រចាំនៅក្នុងឃុំ-សង្កាត់ដែលខ្លួនបំពេញតួនាទី លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាពដែលមិនអាចបំពេញការងារបាន។

ត្រង់ចំណុចខាងលើ ក្រសួងបានណែនាំឱ្យសមីខ្លួនជាស្មៀនត្រូវស្នើច្បាប់ឈប់សម្រាក ហើយអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្រ្តីនៃរដ្ឋបាលខ្លួន១រូប ដើម្បីបំពេញការងារជំនួស្មៀនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ដើម្បីធានានិរន្តរភាពការងារដ៏មានសារៈសំខាន់នេះ។

ដើម្បីសម្រួលការងារជូនស្មៀនដែលមានតួនាទី និងភារកិច្ចជួយគាំទ្រដំណើរការបោះឆ្នោតឃុំ-សង្កាត់នេះដែរ ក្រសួងមហាផ្ទៃក៏បានណែនាំទៅកាន់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រសិនបើមានតម្រូវការត្រូវអញ្ជើញស្មៀនចូលរួមកិច្ចប្រជុំ ឬវគ្គបណ្ដុះបណ្ដាលនានានោះ សូមពន្យាពេលជូនស្មៀនសិន។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថានៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ នៅតាមឃុំ-សង្កាត់ គឺមានក្រុមចុះឈ្មោះបោះឆ្នោត១ ដែលមានប្រធានក្រុម១រូប អនុប្រធាន១រូប និងការីកុំព្យូទ័រ១រូប​។ ស្មៀនត្រូវបានកំណត់ក្នុងបទបញ្ជា និងនីតិវិធីឱ្យធ្វើជាអនុប្រធាន ខណៈប្រធាននិងការីកុំព្យូទ័រជ្រើសចេញពីពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

លោក នៅ មុន្ទ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលមានបទពិសោធន៍ធ្វើការងារនេះជាច្រើនអាណត្តិមកហើយនោះ​ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំថ្មគរ និងរដ្ឋបាលស្រុកល្វាឯម បានបង្កលក្ខណៈឱ្យស្មៀនឃុំបំពេញការងារបានយ៉ាងល្អក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទាំងឆ្នាំកន្លងទៅ និងកំពុងបន្តនៅឆ្នាំនេះ។

លោក នៅ មុន្ទ ប្រធានក្រុមចុះឈ្មោះបោះឆ្នោតឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល

ទាំងឯកឧត្តម ហង្ស ពុទ្ធា និងលោក នៅ មុនិន្ទ គឺសុទ្ធតែបានបញ្ជាប់ប្រាប់សារព័ត៌មានត្រយងអំពីការគាំទ្រ និងចាត់ទុកថាជារឿងសំខាន់ណាស់ដែលក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងឱ្យរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជួយសម្រួលការងារជូនស្មៀន និងធ្វើយ៉ាងណាឱ្យស្មៀនបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ក្នុងរយៈពេល៥០ថ្ងៃនេះ ក្រុមចុះឈ្មោះបោះឆ្នោត និងបំពេញភារកិច្ចនៅឃុំ សង្កាត់ផង និងចល័តទៅតាមភូមិឬទីតាំងអំណោយផលនានានៃឃុំ-សង្កាត់នោះផង ដើម្បីសម្រួលជួនពលរដ្ឋ៕

Share.