នៅ​ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ​ ក្នុង​កិច្ចប្រជុំ​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​រហូត​ដល់​ទៅ​៨​បាន​បដិសេធ​ ទៅ​នឹង​សំណើ​របស់​ប្រទេស​វៀតណាម ដែល​សុំ​លើ​ការ​ធ្វើ​ជា​ម្ចាស់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ ចុងឆ្នាំ​នេះ​ទៅ​ធ្វើ​នៅ​​ឆ្នាំ​២០២២ ខាង​មុខ​វិញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ដែល​ជា​ភាគី​កម្ពុជា ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១១ (បូក​ទីម័រខាងកើត) បាន​លើក​ឡើង​ថា៖«ភាគច្រើន​នៃ​បណ្តា​ប្រទេស​នានា​មិនយល់ព្រមនៃការលើកពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះ វៀតណាមនោះទេ ដោយ​មាន​ហេតុផល​អំពី​ការ​ប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំរបស់ខ្លួន ជា​ពិសេស​គឺ​ទៅ​លើ​គម្រោង​ថវិកា​​ជាតិ​របស់​គេ​នីមួយៗ ពីព្រោះ​គម្រោង​ថវិកា​ដែល​ចំណាយ​​ត្រៀម​ចូលរួម​ប្រកួត ស៊ីហ្គេម សម្រាប់​ឆ្នាំ២០២១ ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺ​សម្រាប់​គម្រោង​លើ​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិក​រដូវរងារ ឬ​សម្រាប់​ហ្គេម​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​មាន​៦​ទៅ​៧ប្រទេស ហើយ​ដែល​ជា​សំឡេងភាគ​ច្រើន​មិន​គាំទ្រ​ ដោយ​មាន​ការ​លំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាមលើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ»។

ឯកឧត្តម វ៉ាត់ ចំរើន ថា អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម នឹង​លើក​សំណើ​​ផែនការ​ចំនួន៣​ទៅ​កាន់រដ្ឋាភិបាលរបស់ខ្លួន ដោយសេណារីយោទី១ គឺ​គម្រោង​ការ​ប្រកួត​ចាស់​ដដែល ពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១។ សេណារីយោ ទី២ គឺ​អាច​ពន្យា​ពេល​រហូត​ដល់​ខែ​ឧសភា-មិថុនា ឬខែកក្កដា ឆ្នាំ២០២២។ សេណារីយោ ទី៣ គឺអាចពន្យាពេលវែង ដែល​បន្ទាប់​ពី​ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គឺ​នៅ​ឆ្នាំ២០២៥ ដែលដល់វេន ប្រទេសថៃធ្វើម្ចាស់ផ្ទះ ឬស៊ីហ្គេម ឆ្នាំ២០២៧ ដល់វេនធ្វើម្ចាស់ផ្ទះ របស់ប្រទេសព្រុយណេ ដោយវៀតណាមអាចស្នើសុំធ្វើម្ចាស់ផ្ទះ ក្នុង​ចន្លោះពីរលើកនេះ តែ​អ្វី​ដែល​សំខាន់គឺម្ចាស់ផ្ទះទាំងពីរនេះព្រមផ្តល់សិទ្ធិឲ្យវៀតណាមឬអត់។

អត្ថបទពាក់ព័ន្ធ៖រឿង​វៀតណាម​សុំ​លើក​ពេល​ប្រកួត​ស៊ីហ្គេម ទៅ​ឆ្នាំ​២០២២ ត្រូវ​៨​ប្រទេស​បដិសេធ តែ​ត្រូវ…

ប្រភព​បន្ថែម​ថា​នេះជាការ​ស្ទាបស្ទង់​កម្រិត​ជំនាញ​ប៉ុណ្ណោះ មិន​ទាន់​ឈាន​ដល់​កម្រិត​ការ​សម្រេច​នយោបាយ​នៅ​ឡើយ​ទេ ដោយ​កម្រិត​នយោបាយ​នេះ ដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍​ ដែល​បញ្ហា​លើក​ពេល​របស់​ម្ចាស់ផ្ទះវៀតណាមនឹងត្រូវបើកកិច្ចប្រជុំមួយទៀត នៅ២សប្តាហ៍បន្ទាប់ ពោល​គឺ​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ជា​កិច្ចប្រជុំ​ចុង​ក្រោយ​មួយ​ថា​តើ​ការ​ជ្រើសរើស​របស់​រដ្ឋាភិបាលវៀតណាម ក្នុង​សេណារីយោណា​មួយ ​ក្នុងចំណោម៣នេះ ហើយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាតិ​ទាំង​អស់​ជា​សមាជិកនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សម្រេចយកឬក៏អត់។

កន្លង​មក​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​វៀតណាម បាន​កំណត់​ប្រភេទ​កីឡា​​ចំនួន​៤០ប្រភេទ​​​មាន​វិញ្ញាសា​សរុប​ចំនួន ​៥២៦ ដាក់​ឱ្យ​អត្តពលិក​មក​ពី​ប្រទេស​អាស៊ាន​​ចូលរួម​ប្រកួត​ប្រជែង៕

Telegram-Troryorng
Share.