មន្រ្តីគ្រោះមហន្ដរាយហ្វីលីពីន បាននិយាយថា ការរអិលបាក់ដី និង ទឹកជំនន់ បានសម្លាប់មនុស្ស ១៣នាក់ ​​​ខណៈព្យុះត្រូពិច Nalgae បានបោកបក់ទៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយមានអ្នកស្រុកមួយចំនួនបានជាប់គាំងនៅលើដំបូលផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី ២៨ ខែ តុលា ឆ្នាំ ២០២២។

ជំនន់ទឹកភ្លៀងបានជន់លិចភ្លាមៗ ដោយបណ្ដាលឲ្យដើមឈើ ថ្ម និង ភក់ ហូរតាមទឹកពេញមួយយប់ នៅក្នុងសហគមន៍ជនបទភាគច្រើននៅជុំវិញទីក្រុង Cotabato ដែលជាតំបន់មានមនុស្សរស់នៅ ៣០០,០០០នាក់។

លោក Naguib Sinarimbo អ្នកនាំពាក្យ និងជា ប្រធានការពារជនស៊ីវិល សម្រាប់រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP មនុស្ស ៧នាក់ បានបាត់ខ្លួន។ លោកបន្ដថា អ្នកស្លាប់ ១០នាក់ មកពីទីប្រជុំជន Datu Blah Sinsuat នៅលើកោះ Mindanao។

ក្រុមជួយសង្រ្គោះបានទៅយកសាកសព ៣នាក់ផ្សេងទៀត នៅក្នុងទីក្រុង Datu Odin Sinsuat ដែលស្ថិតនៅជិតតំបន់ដែលមានអ្នកបាត់បង់ជីវិត១០នាក់។

ទន្ទឹមនោះលោក Sinarimbo បានថ្លែងបន្ដថា «យើងសង្ឃឹមថា ចំនួនអ្នកស្លាប់នឹងបញ្ចប់នៅត្រឹមនេះ ឬ មិនមានចំនួនអ្នកស្លាប់កើនឡើងបន្ដទៀត»។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ នៅក្នុងតំបន់ក្រីក្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនជាតិឥស្លាម បន្ទាប់ពីមានការបះបោរប្រដាប់អាវុធផ្ដាច់ខ្លួនជាច្រើនទសវត្សរ៍មកហើយ។

ការិយាល័យអាកាសធាតុរដ្ឋ ក្នុងទីក្រុង ម៉ានីលបាននិយាយថា វាត្រូវបានបង្កឡើងដោយព្យុះត្រូពិច Nalgae ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន។

ព្យុះ Nalgae ត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរឆ្ពោះទៅភាគខាងជើងប្រទេសហ្វីលីពីន ជាកន្លែងដែលការិយាល័យការពារជនស៊ីវិលបាននិយាយថា មនុស្សជិត ៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលងាយរងគ្រោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់ និង ការរអិលបាក់ដី ដែលរំពឹងទុកថាសភាពការណ៍កាន់តែធ្ងន់ធ្ងរនៅថ្ងៃ សៅរ័ ឬ ថ្ងៃ អាទិត្យ សប្ដាហ៍នេះ។

សូមជម្រាបថា ជាមធ្យមព្យុះទីហ្វុង និង ខ្យល់ព្យុះចំនួន ២០ បានវាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្ស និង សត្វពាហនៈ រួមទាំងបានបំផ្លាញកសិដ្ឋាន ផ្ទះសម្បែង ផ្លូវថ្នល់ និង ស្ពាន ជាច្រើន បើទោះបីជាភាគខាងត្បូងកម្រនឹងវាយប្រហារដោយសារព្យុះក៏ដោយ៕

ប្រភព៖ CNA

Share.