នៅក្នុងថ្ងៃពិធីបុណ្យ​ខ្មោចហាឡូវីន ឃាតកបានឆ្លៀតឱកាសយកពិធីបុណ្យមួយនេះ ដើម្បីសម្លាប់មនុស្ស ហើយនៅក្នុងនោះ មានរឿងក្ដីឃាតកម្មចំនួន 7 ករណីដែលឃោឃៅបំផុតក្នុងថ្ងៃបុណ្យខ្មោចហាឡូវីន។ ថ្ងៃនេះត្រយងមានរឿងរ៉ាវចម្លែកក្នុងយប់ហាឡូវីនមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នា៖

-ករណីឃាតកម្មទី ១ ក្មេងប្រុសម្នាក់សម្លាប់ដោយស្ករគ្រាប់ពុល

នៅឆ្នាំ 1974 ក្មេងប្រុសឈ្មោះ Timothy O’Brien មានអាយុ 11 ឆ្នាំ បានដើរគោះទ្វារសម្រាប់ Trick or Treat ដូចក្មេងដទៃនិងទទួលយកនំផ្អែមៗពីផ្ទះរបស់អ្នកជិតខាងដែលតុបតែងខ្លួនចម្លែកៗនៅរាត្រីបុណ្យខ្មោច Halloween ។ ប៉ុន្តែតើអ្នកណាដឹងថា? ស្ករគ្រាប់ចុងក្រោយដែលគេទទួលបាន គឺបានធ្វើឱ្យរូបគេបាត់បង់ជីវិត។ នៅពេលស៊ើបអង្កេត ប៉ូលីសបានរកឃើញថា ឪពុករបស់ក្មេងប្រុសរូបនេះឈ្មោះ Ronald O’Brien បានឱ្យស្ករដែលមានសារជាតិពុលទៅឱ្យកូនប្រុសរបស់គាត់ ។ ​គាត់​ចង់​សម្លាប់​កូន​ប្រុស​របស់​គាត់​ ដើម្បី​យក​ប្រាក់​ធានា​រ៉ាប់រង​មកសង​បំណុល ។ ចុងក្រោយ ​Ronald ត្រូវបានកាត់ទោសប្រហារ​និងធ្វើឱ្យឪពុកម្តាយក្មេងដទៃទៀតជាជនជាតិអាមេរិក កាន់តែពិនិត្យ និងប្រុងប្រយ័ត្នបំផុតតាំងពីពេលនោះមក នៅពេលកូនៗរបស់ពួកគេបានយកស្ករគ្រាប់ ឬនំផ្អែមមកញ៉ាំនៅថ្ងៃបុណ្យខ្មោចហាឡូវីន។

-ករណីឃាតកម្មទី ២ ក្មេងប្រុសចង់បានស្ករគ្រាប់ តែស្លាប់ដោយគ្រាប់កាំភ្លើង ២៩ គ្រាប់

រឿងនេះកើតឡើងនៅពេលក្មេងៗដើរគោះទ្វារនៅយប់ថ្ងៃបុណ្យខ្មោចហាឡូវីនឆ្នាំ ២០០៨ បុរសស្បែកខ្មៅដែលមានឈ្មោះ Quentin Patrick មិនបានចាប់យកស្ករគ្រាប់ ឬនំផ្អែម ហុចឱ្យក្មេងទេ បែរជាចាប់យកកាំភ្លើងម៉ាក AK-47 បាញ់ក្មេងប្រុសម្នាក់ចំនួន ២៩ គ្រាប់ ព្រមទាំងធ្វើឱ្យបងប្រុសរបស់គេ និងឪពុក របួសធ្ងន់ថែមទៀត។ បុរសស្បែករូបនេះជាមនុស្សញៀនថ្នាំ និងជាឈ្មួញថ្នាំញៀននៅរដ្ឋ South Carolina ជីវិតរបស់គេបានប្រឡូកប្រឡាក់ជាមួយក្មេងទំនើង និងចូលចិត្តបង្កររឿង។ តុលាការបានសម្រេចផ្ដន្ទទោស បុរសស្បែកខ្មៅរូបនេះឱ្យជាប់គុកចំនួន ៣០ ឆ្នាំ ។ ហើយរឿងនេះបានផ្ដល់មេរៀនឱ្យក្មេងដែលចូលចិត្តទៅគោះទ្វារផ្ទះមនុស្សប្លែកមុខ ដែលមិនស្គាល់ពីប្រវត្តិច្បាស់ឱ្យចៀសវៀង។

-ករណីទី ៣ កូន​ប្រុស​កំរោលចូលសម្លាប់គ្រួសារដ៏​សាហាវ​ព្រៃផ្សៃ

ថ្ងៃបុណ្យខ្មោចហាឡូវីន វិញ្ញាណរបស់សាតាំងអាក្រក់ ( ឬក៏ព្រលឹងខ្មោចឃោឃៅ) បានចូលសណ្ឋិតរូបរាងរបស់ William Lisk Jr. រហូតធ្វើឱ្យហ៊ានលើកដៃសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនៅរដ្ឋ Michigan ក្នុងឆ្នាំ 2010។ បុរសវ័យ ២៤ រូបនេះបានយកកាំភ្លើងបាញ់ឪពុកចំនួន ៥ គ្រាប់ ថែមទាំងរំលោភម្ដាយរបស់ខ្លួនយ៉ាងសាហាវ​ព្រៃផ្សៃ រួចបាញ់ ១គ្រាប់ដើម្បីបញ្ចប់ជីវិត។ នៅយប់ថ្ងៃបុណ្យនោះ កូនប្រុសរបស់ម្ដាយចុងនិងឪពុក ក៏ត្រូវបានសម្លាប់ដោយញញួរដំបំបែកលលាក្បាល។ ហេតុការណ៍នេះត្រូវបានដឹងដល់ប៉ូលីស ដោយសារមានកូនប្រុសរបស់ម្ដាយចុង ម្នាក់ទៀតទើបតែត្រឡប់មកផ្ទះនៅពេលយប់ជ្រៅ រួចក៏បានឃើញសាកសពមនុស្សទាំង ៣នាក់នៅក្នុងផ្ទះ ក្រាលដោយឈាមដាបពេញក្ដា។ William Lisk Jr. បានសារភាពទោសកំហុសរបស់ខ្លួននៅមុខតុលាការ ដោយអះអាងថា ខ្លួនមានជំងឺផ្លូវចិត្តរហូតកើតវប្បល្លាសលែងដឹងស្មារតី។ ក្រោយគេក៏ធ្វើអត្តឃាតនៅក្នុងគុក ក្លាយជាខ្លោចយាមគុកតែម្ដង។

-ករណីទី ៤ The Tool Box Killers

ឃាតកដៃឆៅមួយគូជំនាញសម្លាប់បណ្ដាក់ដ៏ល្បីល្បាញដោយប្រើប្រាប់ប្រអប់អាវុធសម្លាប់មនុស្ស ត្រូវបានគេឱ្យឈ្មោះថា The Tool Box Killers។ ករណីនេះបានកើតឡើងនៅរាត្រីរន្ធត់ក្នុងថ្ងៃបុណ្យខ្មោច Halloween ឆ្នាំ 1979 ។ ឃាតកសម្លាប់បណ្ដាក់បានចាប់មនុស្សស្រីម្នាក់ឈ្មោះថា Cherry Ledford បន្ទាប់ពីនាងបានត្រឡប់មកពីកម្មវិធីជប់លៀងក្នុងយប់ Halloween ។ ឃាតកររោគចិត្តទាំងប្ដីប្រពន្ធមួយគូនេះបានរំលោភនាង ហើយគំរាមសម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ នាងគឺជាជនរងគ្រោះទី៥ ដែលឃាតកយកជីវិត ហើយ ១ខែក្រោយមក ទើបប៉ូលីសចាប់បានឃាតករសម្លាប់បណ្ដាក់មួយគូនេះបាន ព្រមទាំងកាត់ទោសឱ្យជាប់គុកអស់មួយជីវិត។

-ករណីទី ៥ សំឡេងគោះទ្វារយប់ហាឡូវីន

សំឡេងគោះទ្វារនៅពាក់កណ្ដាល់យប់ជ្រៅនៃថ្ងៃបុណ្យ ហាឡូវីនរបស់លោកខាងលិច មិនជាការកំប្លែងសើចសប្បាយរីករាយនៅថ្ងៃបុណ្យខ្មោចនោះទេ ប៉ុន្តែវាអាចជាសំឡេងរបស់ឃាតកដែលមករង់ចាំនៅមុខផ្ទះ។ ជាស្ដែងដូចជាករណីផ្ទះរបស់ Adrian , Leslie និង Lauren ដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ 2004 ។ បន្ទាប់ពីពួកគេមកពីពិធីជប់លាងនៅរាត្រីថ្ងៃបុណ្យ Halloween ពួកគេអស់កម្លាំងហើយក៏បានចូលគេងយ៉ាងលក់ស្រួល។ ៥ ម៉ោងក្រោយមក ស្រាប់តែពួកគេលឺសំឡេង​គោះ​ទ្វារនៅមុខផ្ទះ ហើយ​មានសំឡេង​ស្រែក។ Lauren បានឃើញឃាតកចាក់សម្លាប់ Adrian និង Leslie ដោយភ័យខ្លាចខ្លាំងពេក គេក៏បានរត់ចេញពីផ្ទះ។ ក្រោយ​មកទើប​គេ​ដឹង​ថា​ ឃាតក​ជា​មិត្ត​ភក្តិ​របស់​ពួក​គេ​ឈ្មោះ Eric Matthew Copper ។ បើទោះបីមានចម្លើយសារភាពពីឃាតក ប៉ុន្តែ​នៅមិនទាន់មានការបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្លាប់​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​តាម​វិធី​ណា​មួយ​ឡើយ គឺវាបានត្រឹមតែបន្សល់ទុកនូវអាថ៌កំបាំងក្នុងរឿងក្ដីឃាតកម្មដ៏ឃោរឃៅនេះ។

-ករណីទី ៦ ឃាតកចេញពីក្នុងភាពយន្ត Scream ដើរអុកឡុក

ឃាតកនៅក្នុងរឿង Scream ដែលចាក់បញ្ចាំងក្នុងឆ្នាំ 2013 មិនត្រឹមតែអុកឡុកក្នុងរោងភាពកុននោះទេ នៅយប់ថ្ងៃហាឡូវីន ឃាតករបានបន្លំខ្លួនស្លៀកពាកដូចក្នុងតួអង្គក្នុងរឿង និងពាក់របាំងមុខខ្មោច រួចបាញ់សម្លាប់មនុស្សស្លូតត្រង់យ៉ាងសាហាវ។ រឿងនេះកើតឡើងនៅទីក្រុងញូវយ៉កឆ្នាំ 2013 មានមនុស្ស 3 នាក់បានស្លាប់នៅ Brooklyn និង 2 នាក់ទៀតនៅ Queens បានរងរបួស។ ទោះបីជាមានសាក្សីជាច្រើននាក់បានឃើញឃាតកបាញ់សម្លាប់មនុស្ស ប៉ុន្តែគ្មានតម្រុយណាមួយដែលច្បាស់លាស់អាចស្វែងរក ឬអាចចាប់ឃាតកពាក់របាំងខ្មោចនេះបានឡើយ។ ឃាតករបាំងមុខខ្មោចនៅតែជារឿងអាថ៌កំបាំង ហើយបានក្លាយជារឿងរ៉ាវដែលល្បី គេយកមកសម្ដែងក្នុងភាពយន្តរបស់អាមេរិក។

-ករណីទី ៧ ជប់លៀងគ្មានថ្ងៃត្រឡប់

នៅពេលដែល James Adamski អាយុ 18 ឆ្នាំបានទៅជប់លៀងយប់ថ្ងៃបុណ្យ Halloween ក្នុងឆ្នាំ 1982 ។ ក្រុមគ្រួសាររបស់បុរសវ័យជំទង់រូបនេះ គ្មាននរណាម្នាក់នឹកស្មានទេថា យប់នោះនឹងក្លាយជាយប់ចុងក្រោយនៃជីវិតគេឡើយ។ ២ ខែក្រោយសពរបស់ Adamski ត្រូវបានគេប្រទះឃើញថាស្លាប់នៅតាមផ្លូវទៅផ្ទះរបស់គាត់ រាងកាយមានស្លៀកសំលៀកបំពាក់ Halloween និងមានគូមុខប្លែករហូតពិបាកចំណាំ។ សាកសពមាន​ស្នាម​របួស​ជាច្រើន​កន្លែង​នៅត្រង់​ថ្ងាស ប៉ូលីសសន្មត់ថា គាត់ប្រហែលជាត្រូវបានគេសម្លាប់ដោយវាយនឹងដំបងហើយញាត់ចូលក្នុងឡានរួចយកមកទម្លាក់ចោលតាមផ្លូវ។ ឃាតកសម្លាប់ Adamski នៅមិនទាន់វែកមុខឃើញឡើយ ប៉ុន្តែក្រុមគ្រួសាររបស់គេនៅតែបន្តប្រឹងរកយុត្តិធម៌ដើម្បីកូនប្រុស។

Share.