ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះតូបផ្សារដើមអំពិល ហៅផ្សារលូ អស់៥តូបដោយសារទុស្សេខ្សែភ្លើង ដែលស្ថិតនៅខាងក្រោយសាលាទួលស្លែង តាមផ្លូវ៣១០ កែងនឹងផ្លូវ១៦៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ កាលវេលា​ម៉ោង​ ៥ល្ងាច ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២២ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ភ្លាមៗ ។

តាមអាជ្ញាធរបានឲ្យដឹងថា តូបរបស់អាជីវករលក់ដូរចំនួន៥ទទួលរងការខូចខាត ក្នុងនោះមាន២តូបត្រូវបានភ្លើងឆេះអស់ទាំងស្រុង ចំណែក៣តូបទៀត រងខូចខាតបន្តិចបន្តួច ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលបងប្អូនអ្នកលក់ដូរបានរើរអុីវ៉ាន់ បិទតូបបណ្តើរៗទៅហើយ ស្រាប់តែទុស្សេខ្សែភ្លើងចេញពីតូបមួយដែលម្ចាស់បិទទ្វារទៅផ្ទះ ផ្សែងហុយខ្មួលខ្មាញ់ ចេញជាអណ្តាតភ្លើងឆេះសន្ធោឡើង បង្កឲ្យផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញភ្លាមៗ តូបអ្នកលក់ដូរចំនួន៥ បានឆេះនិងរងខូចខាត ក្នុងនោះមាន២តូបភ្លើងឆេះអស់ទាំងស្រុង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.