លោក យូ ថនវណ្ណៈ ជាបុរសឯកតំណាងឱ្យកម្ពុជា ឬ Mister Grand Cambodia 2022 ដែលចេញទៅប្រកួត នៅលើវេទិការ Mister Grand International 2022 ដែលត្រៀមធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ក្នុងប្រទេស ទ្រី​នី​ដា​ដ​និង​តូបាហ្គោ (ទ្វីបអាមេរិចខាងត្បូង)។

បុរសឯកដ៏អស្ចារ្យតំណាងឱ្យកម្ពុជារូបនេះ មានកំពស់ ១៨៧ សង់ទីម៉ែត្រ និងមានទំងន់ ៨១ គីឡូ ថែមទាំងមានរូបរាងសង្ហា សាច់ដុំ ៦កង់ណែនៗតែម្ដង។ លោកទទួលបានការគាំទ្រខ្លាំងនៅពេលបញ្ចប់ការប្រកួតក្នុងកម្មវិធី Mister Supranational Cambodia បានជ័យលាភីរងលំដាប់ទី ១ និងក្លាយជា Mister Grand Cambodia 2022 តែម្ដង។

នៅក្នុងដំណាក់កាលបោះឆ្នោតនៅលើប្រព័ន្ធអនឡាញន៍ លោក យូ ថនវណ្ណៈ បានអំពាវនាវសុំឱ្យមហាជន និងអ្នកគាំទ្រស្រឡាញ់រូបលោកទាំងអស់ មេត្តាចំណាយថវិការបន្តិចបន្តួចជួយបោះឆ្នោតនៅលើគេហទំព័រ Mister Grand International ដើម្បីលោកបានទៅកាន់វគ្គកំពូល Top 6 ដោយស្វ័យប្រវត្តិ។

កន្លងមក បុរសឯករូបនេះធ្លាប់ប្រាប់អ្នកសារព័ត៌មានត្រយងថា លោករីករាយក្នុងការបំពេញការងារជា Mister Grand Cambodia 2022 ដោយលោកខិតខំប្រឹងប្រែងដុតខាត់សមត្ថភាពដើម្បីបំពេញឱ្យបានគ្រប់វញ្ញាសារដែលកម្មវិធីតម្រូវ។ ជាពិសេសលោកតាំងចិត្តយ៉ាងមុតមាំក្នុងការហាត់ដើរ ដូចជារបៀបដើរបង្ហាញរាងនៅលើឆាក ការសម្ដែងទឹកមុខ របៀបទាក់ទាញជាមួយកាមេរ៉ា និងការទាញចំណាប់អារម្មណ៍ពីគណៈកម្មការ។

គួររំលឹកដែរថា លោក យូ ថន​វណ្ណៈ គឺជា​តារា​បង្ហាញ​ម៉ូដ​​អាជីព​មាន​ទីផ្សារ​ខ្លាំង​ក្នុង​ការថត​ស្ប៉ត​​ពាណិជ្ជកម្ម និង​ដើរ​ម៉ូដ​ ហើយ​លោក​ក៏​ធ្លាប់​ចូលរួម​ជា​តំណាងឱ្យ​កម្ពុជា​នៃ​ការ​​ប្រកួត Asia Model Festival 2015 នៅ​ប្រទេស​កូរ៉េ​។ មិន​ត្រឹម​តែមានទីផ្សារសិល្បៈល្អនោះទេ លោក​ យូ ថន​វណ្ណៈ ​ក៏​អាចនិយាយបាន ៤ ​ភាសា​ គឺ​ចិន ថៃ អង់គ្លេស និង​ខ្មែរ​៕

Share.