ប្អូនស្រី​អ្នកនាង​ ខាត់ សុឃីម​ ​គឺ​ ​ខាត់​ ​សួស្ដី​ ​បាន​អះអាង​ថា​ តម្រូវ​ការ​វង់​តន្ត្រី​បុរាណ​ខ្មែរ​ហាក់​មាន​សន្ទុះ​ទីផ្សារ​ច្រើន​ជាង​មុន​ ​ខណៈ​តាម​ហាង​ ​ផាប់​ ​និង​ភោជនីយដ្ឋាន​ កំពុង​តែ​ផ្សាភ្ជាប់​រៀប​​ចំ​តន្ត្រីខ្មែរ​ដើម្បី​បំពេញ​ចិត្ត​របស់​ភ្ញៀវ​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ៗ​។​ ​សព្វ​ថ្ងៃនេះ​ ​ក្រុម​ចម្រៀង​តន្ត្រី​ ​ត្រកូល​ខាត់​ ​ក៏​កំពុង​ត្រូវ​ប៉ាន់​ដូច​គ្នា​ ដោយ​មិន​រំពឹង​តែ​ចំពោះ​រដូវ​រៀបការ​ដូច​មុន​ទេ​។​

ប្អូន ស្រី​របស់​​អ្នក​នាង​​ ខាត់​ សុឃីម​ រូប​នេះ​ថា​ សព្វ​ថ្ងៃ​កំពុង​ច្រៀង​នៅ​ អ័រគីដេ​ផាប់​ នាង​​ពេញចិត្ត​ធ្វើ​​ការ​នៅ​​ទី​នោះ​​ព្រោះ​​ទី​តាំង​និង​ការ​ឌីហ្សាញ​មាន​សោភណ្ឌ​ភាព​ទាក់​ទាញ​ ហើយ​ជា​ពិសេស​ថៅកែ​ហាង​គាត់​ស្រលាញ់​និង​ជួយ​លើក​ស្ទួយ​តន្រ្ដី​បុរាណ​ខ្មែរ​។​ ខាត់​ សួស្ដី​ និយាយ​ថា ​ខ្លួន​ពិត​ជា​ស​រ​សើរ​ដល់​ទឹកចិត្ត​របស់​ថៅកែ​ ដែល​មិន​មើល​រំលង​វង់​ភ្លេង​បុរាណ​ ដោយ​ឱ្យ​ក្រុម​ចម្រៀងតន្ត្រី​ ត្រកូល​ខាត់​ មក​លេង​កំដរ​បម្រើ​ដល់​អារម្មណ៍​​ភ្ញៀវ​។

ខាត់​ សួស្ដី​ បានបន្ត​អះអាង​ថា​ ចំពោះ​តម្លៃ​វង់​ភ្លេង​ខ្មែរ​ ទោះបី​ជា​មាន​តម្លៃ​ថ្លៃ​ជាង​វង់​ភ្លេង​សម័យ​បន្តិច​មែន​ ក៏​ប៉ុន្​តែការ​បម្រើ​សេវាកម្ម​វិញ​ គឺ​បំពេញ​ឱ្យ​ស័ក្ដសម​ជាមួយនឹងតម្លៃ​។ រាល់​ថ្ងៃ​នេះ​ សួស្ដី​ សង្កេត​ឃើញ​ថា​ មាន​ហាង​ជា​ច្រើន​កំពុង​តែ​រៀប​ចំ​ក្រុម​ភ្លេង​ប្រចាំ​ហាង​ ដោយ​មាន​ឱ្យ​លាយ​បញ្ចូល​ជា​មួយ​វង់​ភ្លេង​បុរាណ​ខ្មែរ​។ ដូច្នោះ​ហើយ​ ក្រុម​វង់​ភ្លេង​ខ្មែរ​ មិន​ចាំ​បាច់​តែ​រំពឹង​ទី​ផ្សារ​ចំពោះ​តែ​រដូវ​ប្រាំង​ជា​រដូវ​សំបូរ​កម្ម​វិធី​រៀប​មង្គល​ការ​ដូច​មុន​ទៀត​ទេ​។ ទោះ​ជា​រដូវ​វស្សា​ក៏​អាច​ច្រៀង​ ប្រគំ​តាម​ហាង​ ឬ​ផាប់​ បាន​ផង​ដែរ​។

លោក​ ច័ន្ទ​ យ៉ា​ដា​រ៉ន​ ជា​ថៅ​កែ​ហាង​ អ័រគីដេ​ផាប់​ បាន​ឲ្យ​ដឹង​ថា​ ហាង​របស់​លោក​មាន​តារាចម្រៀង​​​ដូច​ជា​ ក្រុម​ត្រកូល​ខាត់​ លោក​ ចាន់​ វិបុល​ លោក​ សុខសាន្ដ ​លោក​ ពិសិដ្ឋ​ រាជ​ អ្នកនាង​ លក្ខិណា​ និង​ សុខ​ ណាឃី​ ដែល​ជា​អតីត​បេក្ខភាព​ប្រឡង​ចម្រៀង​កម្ម​វិធី​លំដាប់​ពិភពលោក​។

លោក​បាន​បើក​ភោជនី​យដ្ឋាន​​រយៈ​​ពេល​ ៦​ឆ្នាំ​មក​ហើយ​​ ទើប​រហូត​ជោគជ័យ​មក​បើក​ផាប់​នេះ​តែ​ម្ដង​ បាន​ទើប​តែ​៣ខែ​ប៉ុណ្ណោះ​។ ហើយ​លោក​មើល​ឃើញ​​ថា​ ការ​ប្រ​គុំ​​តន្ដ្រី​​បុរាណ​ធ្វើ​ឲ្យ​ភ្ញៀវ​ទទួល​បាន​រសជាតិ​ថ្មី​អារម្មណ៍​ប្លែក​មួយ​បែប​​ទៀត​ ពិសេ​ស​​​គឺ​អ្នក​​មាន​​វ័យ​​កណ្ដា​ល​​​ឡើង​ទៅ​។ ផាប់​របស់​លោក​មាន​ដាក់​តន្រ្ដី​បុរាណ​ចាប់​ពី​ថ្ងៃ​សុក្រ​ ដល់​អាទិត្យ​ តែ​ថ្ងៃ​​ក្រោ​យ​​បើ​មាន​​ភ្ញៀវ​ច្រើន​នឹង​​អាច​​ដាក់​ពេញ១​សប្ដាហ៍​តែ​ម្ដង​។ លោក​ថា​​ផាប់​នេះ​ បើក​១​អាទិត្យ​ពេញ​ចាប់​ពី​ថ្ងៃច័ន្ទ​ដល់​អាទិត្យ​ ពី​ម៉ោង​៧​ដល់​១២​យប់​ ហើយ​ភ្ញៀវ​ដែល​អញ្ចើញ​មក​មាន​អ្នក​​សិល្បករ​​ផង​ និង​​ភ្ញៀវ​ទូទៅ​​ផង​ រី​ឯ​ទី​​តាំង​វិញ​ក៏​​ស្រួល​រក​គឺ​នៅ​ខាង​ក្រោយ​ណត​ប្រីដ​ ជាប់​បុរីអ័រគីដេ​ តែ​ម្ដង​។​

Share.