ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវអង្ករចំនួន២០តោនផ្តល់ជូនប្រជាកសិករមានជីវភាពខ្វះខាត ជួបការលំបាក ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងបញ្ហាផ្សេងៗចំនួន ៤០០គ្រួសារ ក្នុងមូលដ្ឋានឃុំទាំង០៧ នៃស្រុកអូររាំងឪ ។ ដែលមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង០៣ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអូររាំងឪ និងបងប្អូនប្រជាកសិករ ។ 

នាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេស ដោយសម្តេចជាថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច ពោលគឺទីណា មានការលំបាក ទីនោះគឺមានមុខសម្តេចតេជោចុះជួយជានិច្ច ។  

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យរដ្ឋបាលខេត្តនាំយកអង្ករមកចែកផ្តល់ជូនបងប្អូនយើង ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក ជាពិសេសក្រោយពីស្រែស្រូវត្រូវបានបំផ្លិចបំផ្លាញដោយជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងកន្លងមកនេះ ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាដោះស្រាយបញ្ហានានាដែលជាទុក្ខកង្វល់របស់ពលរដ្ឋ ជាពិសេសអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា” ភូមិ ឃុំ ស ស្អាត ” ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ៕

អត្ថបទ÷ សាន វីឡែម

Share.