ភ្នំពេញ ៖ រថយន្តកាមរីហាយប្រីដ ឆ្នាំ២០២០ មួយគ្រឿង បើកបោះពួយល្បឿនលឿន រេចង្កូតឆ្លងផ្លូវទៅបុកផ្ទប់បង្គោលភ្លើង ខ្ទាតថយក្រោយវិញ បណ្តាលឲ្យរងខូចខាត និងអ្នកបើកបររងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកកាមរីហាយប្រីដ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9156 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៣៧១ ល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចកើតហេតុ រេចង្កូតឆ្លងផ្លូវ ជ្រុលទៅបុកផ្ទប់បង្គោលភ្លើង បណ្តាលឲ្យរងខូចខាត និងអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រងចាំម្ចាស់ដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.