ភ្នំពេញ ៖ រថយន្តPriusមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ បុកជាមួយម៉ូតូនិច ត្រង់ផ្លូវបំបែកជាបួន ខ្ទាតអ្នកជិះ២នាក់ចេញ រងរបួសស្រាល ក៏ប៉ុន្តែម៉ូតូទាក់ជាប់កាងរថយន្តពីមុខអូស តាំងពីចំណុចស្តុបផ្លូវ២០០៤ ចំណុចភូមិតាងួន ជាប់អូសបែកផ្កាភ្លើងតាមផ្លូវសហព័ន្ធរុស្សុី ទៅដល់ចំណុចបុរីអាកាសចរណ៍ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ចំងាយជាង៥០០ម៉ែត្រទើបឃាត់រថយន្តបាន ផ្អើលអស់អ្នកដំណើរតាមផ្លូវ សមត្ថកិច្ច កាលពីវេលាម៉ោង៩និង០៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូម៉ាកនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-2695 ជិះគ្នា២នាក់ តាមផ្លូវ២០០៤ ពីត្បូងទៅជើង ឆ្លងកាត់ស្តុប កែងផ្លូវសហព័ន្ធរុស្សុី ខណៈដែលភ្លើងសញ្ញាពណ៌លឿង បង្ខំឲ្យផុត តែមិនទាន់ ត្រូវបានរថយន្តម៉ាកPrius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-2230 បើកបរដោយស្ត្រីម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុីពីកើតទៅលិចបុកខ្ទាតជនរងគ្រោះចេញ រងរបួសស្រាល២នាក់ ក៏ប៉ុន្តែម៉ូតូទាក់ជាប់កាងរថយន្តពីមុខអូសបែកផ្កាភ្លើងតាមផ្លូវ រហូតដល់បុរីអាកាសចរណ៍ ភូមិក្បាលដំរី១ ក្បែរច្រកចូលព្រលានយន្តហោះ ចំងាយជាង៥០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់ឲ្យឈប់ ។

ហេតុការណ៍បុកជាប់ម៉ូតូអូស ពលរដ្ឋលាន់មាត់គ្រប់គ្នា សំណាងជនរងគ្រោះ២នាក់ គ្រាន់តែរបួសបន្តុចបន្តួច និងសំណាងមួយទៀត ជាប់ម៉ូតូអូសរាប់រយម៉ែត្របែកផ្កាភ្លើងពេញផ្លូវ តែមិនឆាបឆេះ ។

បើតាមការសាកសួរបឋមនៅកន្លែងកើតហេតុ ស្ត្រីបើកបររថយន្ត បានប្រាប់ថា គាត់អត់ប្រើប្រាស់គ្រឿងស្រវឹងទេ តែដល់ជួបហេតុការណ៍បែបនេះ ភ័យស្លន់ពេក ទើបបើករត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ស្ត្រីអ្នកបើកបររថយន្តនាំទៅប៉ុស្តិ៍ និងយករថយន្ត ម៉ូតូ ទៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នាជាមួយភាគីរងគ្រោះ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.