ភ្នំពេញ ៖ ផ្ទះពលរដ្ឋអ្នកលក់ដូរអុីវ៉ាន់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើង ខាតបង់អស់ជិត៣មុឺនដុល្លារ ម្ចាស់ផ្ទះរងរបួសស្រាល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ច ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហែម ចំណាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរអុីវ៉ាន់ចាប់ហួយ នៅផ្ទះកើតហេតុ រងរបួសពោះ ។

ផ្ទះទទួលរងភ្លើងឆេះ គ្រោងដែក ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx១០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់អុីវ៉ាន់ខាងក្នុងទាំងស្រុង សរុបជាទឹកប្រាក់អស់២៨០០០ដុល្លារ ។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ ធំក្លិនឈ្ងៀម ហើយហុយផ្សែងចេញពីផ្ទះកើតហេតុ អណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង ផ្អើលពលរដ្ឋ អ្នកក្បែរខាង ជួយជញ្ជូនអុីវ៉ាន់ចេញមិនទាន់ ភ្លើងកាន់តែខ្លាំង ម្ចាស់ផ្ទះរងរបួសពោះ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿងចេញទៅអន្តរាគមន៍ ក្នុងនោះរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង រថយន្តរបស់ស្នងការរាជធានីភ្នំពេញចំនួន៣គ្រឿង រថយន្តអង្គភាពឆ័ត្រយោងចំនួន១គ្រឿង រថយន្តសង្ឃឹមថ្មីចំនួន១គ្រឿង បាញ់ទឹកពន្លត់ភ្លើង ។ ផ្ទះមួយខ្នងខាងលើត្រូវបានភ្លើងឆេអអស់ទាំងស្រុង រួមទាំងអុីវ៉ាន់ តែមិនរាលដាលដល់ផ្ទះផ្សេង ឬរោងចក្រឡើយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.