សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ប្រកាសនៅថ្ងៃអាទិត្យនេះថា សម្តេចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy តាមទូរសព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល។

ការប្រកាសរបស់សម្តេចតេជោនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និង ស្បៀង អាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង៦ពាន់គ្រួសារ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ សម្តេចអះអាងថា សម្តេចក៏បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin មក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ផងដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតប។

យ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនបានទម្លាយឲ្យដឹងអំពីប្រធានបទនៃ កិច្ចពិភាក្សាទ្វេភាគីរវាងសម្តេចនិងមេដឹកនាំអ៊ុយក្រែននោះឡើយ។ មជ្ឈដ្ឋានអ្នកវិភាគបាន លើកឡើងថា បញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងស្ថិតនៅក្នុងបញ្ជីរបៀបវារៈសំខាន់នៃ ជំនួបពិភាក្សាដ៏កម្រនាពេលខាងមុខនេះ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

Share.