សិល្បៈ​ជាតិ​៖ ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា​ «អូណូដា-មួយ​ម៉ឺន​រាត្រី​នៅ​ក្នុង​ព្រៃ​» គឺជា​ខ្សែ​ភាពយន្ត​ពី​ជីវិត​របស់​​នាយ​ទាហាន​ជប៉ុន​ម្នាក់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​ ដែល​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ក្រុម​ការងារ​ខ្មែរ​ជាង​៦០​នាក់​ ​បាន​​ចាក់​បញ្ចាំង​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​កន្លង​ទៅ​ ​​នៅ​គ្រប់រោងភាពយន្ត Legend Cinemas និង Major Cineplex Cambodia។

ភាពយន្ត​ដែល​ដឹកនាំ​ដោយ​លោក Arthur Harari នេះ​បាន​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៨​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត​ ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​ ដោយ​រឿង​នេះ​ដែរ​ក៏​មាន​ក្រុម​ការងារ​ខ្មែរ​ដែល​មាន​ជំនាញ​ និង​ទេពកោសល្យ​ជាង​៦០​នាក់ ចូលរួម​ធ្វើ​ការងារ​នេះជាមួយ​នឹង​ក្រុម​ការងារ​មក​ពី​ប្រទេស​ ជប៉ុន​ បារាំង​ ប៊ែល​ហ្សិក​ ថៃ និង​ហ្វីលីពីន​។

សាច់​រឿង​របស់​ភាពយន្ត​នេះ​គឺ​ផ្អែក​ទៅ​លើ​សាច់​រឿង​ពិត​របស់​ទាហាន​ជប៉ុន​ម្នាក់​ឈ្មោះ​ ហ៊ីរ៉ូ អូណូដា ​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទីពីរ​។ លោក​បាន​លាក់​ខ្លួន​អស់​រយៈ​ពេល​៣០​ឆ្នាំ​ ​នៅ​ក្នុង​ព្រៃ​នៅ​លើ​កោះ​មួយ​របស់​ប្រទេស​ហ្វីលីពីន​ ដោយ​មិន​បាន​ដឹង​សោះ​ថា​សង្គ្រាម​លោក​បាន​បិទ​បញ្ចប់​នោះ​ឡើយ​។

កាល​ពី​ឆ្នាំ​២០២១​ កន្លង​ទៅ​ ភាពយន្ត​ «អូណូដា-មួយ​ម៉ឺន​រាត្រី​នៅ​ក្នុង​ព្រៃ​» ត្រូវ​បាន​គណៈ​កម្មការ​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ផ្នែក​ Un Certain Regard ដែល​ជា​ពានរង្វាន់​ធំលំដាប់​ពីរ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​។ ពាន​រង្វាន់​នេះ​គឺ​ផ្តោ​ត​ទៅ​ផលិតកម្ម​តូចៗ​ ​ដើម្បី​​បើក​ឱកាស​ដល់​អ្នក​និពន្ធ​វ័យ​ក្មេង​បានបញ្ចេញ​ស្នាដៃ​របស់​ខ្លួន​។

ខ្សែ​ភាពយន្ត​ដែល​មាន​មូលដ្ឋាន​ថត​នៅ​ប្រទេស​កម្ពុជា​ភាគ​ច្រើន​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​បើ​មិន​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​រាជរដ្ឋា​ភិបាល​កម្ពុជា​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ក្រសួង​ការ​ពារជាតិ​ ក្រសួងមហាផ្ទៃ​ ក្រសួង​បរិស្ថាន​ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ Cambodia Cinema Department មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា​ Film Commission សាលាភាពយន្ត​នៃអង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ (PSE) សហគមន៍​ជនជាតិ​ជប៉ុន​ និង​សហគមន៍​ជនជាតិ​ហ្វីលីពីន​នៅ​ប្រទេស​កម្ពុជា​៕

ប្រភព៖ ក្រសួងបរិស្ថាន​

Share.