ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា២នាក់ប្តីប្រពន្ធជ្រុលបុកគ្នាជាមួយហុងដាBeat ជិះដោយបុរសម្នាក់ លើផ្លូវបញ្ច្រាសទិសដៅចរាចរ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ស្ត្រីម្នាក់របួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ទើបតែទិញ មិនទាន់បំពាក់ស្លាកលេខ បើកដោយបុរស ឈ្មោះ សុខ លាន់ អាយុ២០ឆ្នាំ មានទីលំនៅនៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ឌុបប្រពន្ធ ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយ ម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-1917 ជិះលើផ្លូវបញ្ច្រាសទិសដៅចរាចរ ដោយបុរសឈ្មោះ សយ ណុល អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣ ភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ រងរបួសស្រាល ។ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.