ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​ប្រកាស​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ករណី​មាន​ឧបទ្ទវហេតុ​​សង្កត់​ជាន់​គ្នា​ស្លាប់​រហូត​ដល់​១៥០នាក់ អំឡុង​ពេល​ប្រារឰ​​ពិធី​បុណ្យ Halloween ក្នុង​ទីក្រុង​សេអ៊ូល។

ក្លិប​វិសាខា បាន​បញ្ជាក់​ថា​៖«ក្នុង​នាម​គ្រួសារ​បាល់ទាត់​វិសាខា ពួកយើងពិតជាមានសេចក្ដីតក់ស្លុត និង​សោកស្ដាយ​ជា​ខ្លាំង ចំពោះសោកនាដកម្ម នៅសង្កាត់ Itaewon នៃ​រដ្ឋធានី​សេអ៊ូល កាល​ពី​រាត្រី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២២ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ ១៥០នាក់ (គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ) និង​របួស​ជាច្រើន​រយនាក់»។
«ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​សាធារណរដ្ឋកូរ៉េ ចំពោះហេតុការណ៍ដ៏អាក្រក់នេះ ។ សូមឧទ្ទិសកុសល និងបួងសួង​សុំឲ្យ​វិញ្ញាណក្ខន្ធ​របស់​ប្រជាពលរដ្ឋកូរ៉េខាងត្បូង និងជនបរទេស ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នេះ បាន​ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និង​សូមជូនពរ​ឲ្យជនរង​គ្រោះ​ទាំង​អស់ ឆាប់ជា​សះស្បើយ»។

អត្ថបទពាក់ព័ន្ធ៖សំណាង​ណាស់! Madam Da ​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​និង​ស្វាមី​​រួច​ជីវិត​​ពី​សោកនាដកម្ម​ជាន់​គ្នា​នៅ​កូរ៉េ​​

សូម​បញ្ជាក់​ថា​ក្រុម​វិសាខា ក៏​មាន​សមាជិក​ម្នាក់​ជា​ជនជាតិ​កូរ៉េខាងត្បូង ផង​ដែរ​គឺ​កីឡាករ Lee Jae Gun ស្ថិត​ក្នុង​កូតា​កីឡាករ​អាស៊ី ក្នុង​លីគ​កំពូល​កម្ពុជា ខណៈ​កន្លង​មក​ក្រុម​ក៏​ធ្លាប់​មាន​គ្រូ​បង្វឹក​ជា​ជនជាតិ​កូរ៉េខាងត្បូង ដែរ​គឺ​លោក Lee Tae Hoon៕

Share.