ភ្នំពេញ ៖ រថយន្តបែនដឹកកម្ទេចថ្មផេះមួយគ្រឿង បើកលឿនគេចពីម៉ូតូឆ្លងផ្លូវ រេចង្កូតជ្រុលទៅបុកខឿនសួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់កម្ទេចថ្មចោលពេញផ្លូវ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខរោងចក្រសីកូ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបែន ចង្កូតស្តាំ ដឹកកម្ទេចថ្មផេះហៀរទ្រុងឡាន បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចពីម៉ូតូឆ្លងផ្លូវ បួងចង្កូតទៅឆ្វេងជ្រុល បុកខឿនសួនទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់កម្ទេចថ្មផេះចោលពេញផ្លូវ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ។ចំណែក រថយន្តរងខូចខាតបែកកញ្ចក់ ហូរប្រេង ថៅកែរថយន្តទៅដល់រួមជាមួយកម្មករនាំគ្នាប្រញាប់ប្រញាល់ដោះស្លាកលេខរថយន្តយកទុក ។

ក្រោយកើតហេតុ កម្មករច្រើននាក់ នាំគ្នាកាយកម្ទេចថ្មចេញ ហើយសមត្ថកិច្ចអនុញ្ញាតិឲ្យម្ចាស់រករថយន្តស្ទូចលើកយករថយន្តទៅជួសជុលខ្លួនឯង និងឲ្យម្ចាស់រថយន្តកើប ប្រមូល សម្អាតកម្ទេចថ្មផេះចេញពីផ្លូវ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.