ទីបំផុតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានស្វែងរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅក្រុមបាល់ទះវិសាខា ក្រោយយកឈ្នះលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់០ លើទីលានបាល់ទះកីឡដ្ឋានព្រីសន៍ ម្តុំហ្រ្គេនភ្នំពេញ។
លទ្ធផលវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នេះឃើញថាក្រុមបាល់ទះវិសាខា បានយកឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល សិតទី១ ចំនួន២៥ទល់១៨ សិតទី២ ចំនួន២៥ ទល់១៧ និងសិតទី៣ ចំនួន២៥ ទល់១៧។
ដូច្នេះជើងឯកពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទៅក្រុមបាល់ទះវិសាខា ហើយជើងឯករងបានទៅក្រុមក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមលេខ៤បានទៅក្រុមកងពលធំអន្តរាគមន៍លេខ៣។
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ មានក្រុមចំនួន១១ចូលរួម ដោយក្នុងនោះក្រុមចំនួន៥ក្រុម (បានពីការអញ្ជើញ) និង៦ក្រុមដែលឡើងមកពីពានរង្វាន់សម្តេចក្រឡាហោម កន្លងទៅ។ ក្រុមដែលចូលរួមទាំង១១នេះត្រូវបែងចែកជា៤ពូល ប្រកួតវិលជុំ១ជើងសន្សំពិន្ទុ ហើយក្រុមលេខ១និងលេខ២តាមពូលនីមួយៗមានឈ្មោះឡើងទៅប្រកួតបន្ត។ វគ្គបន្តនេះសល់ក្រុមចំនួន៨ បែងចែកជា២ពូលទៀត ដើម្បីស្វែងរកអ្នកខ្លាំងឡើងទៅវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រវគ្គនិងបន្តផ្ដាច់ព្រ័ត្រ។
ការប្រកួតពានរង្វាន់សម្តេចតេជោ ធ្វើឡើងនៅកីឡដ្ឋានព្រីនស៍ (ម្តុំហ្រ្គេនភ្នំពេញ) ដោយចាប់ដំណើរការពីថ្ងៃទី១៥ ដល់៣០ ខែតុលា ឆ្នាំ២០២២។ សម្រាប់ក្រុមជ័យលាភីវិញនឹងទទួលមាន៖
–វិសាខា ឈ្នះជើងឯក ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា១ម៉ឺនដុល្លារ
–ក្រសួងមហាផ្ទៃ ឈ្នះជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៥ពាន់ដុល្លារ
– បញ្ជាការដ្ឋានអង្គរក្ស ឈ្នះលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា៣ពាន់ដុល្លារ
–កងពលធំអន្តរាគមន៍លេខ៣ ឈរលេខ៤ ទទួលបានថវិកា ២ពាន់ដុល្លារ