ឆ្លងកាត់ការប្រកួត២ថ្ងៃ នៅលើផ្ទៃជលសាទទន្លេបាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ទូក ង សារាយតេជោសែនជ័យ ដែលជាទូក ង ល្បីលំដាប់TOP3នៅកម្ពុជា នៅតែបន្តរក្សាបានកិត្តិនាមជាទូក ង លឿនជាងគេក្នុងព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្ដាល ឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ខណៈថ្ងៃចុងក្រោយ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទូក ង សារាយតេជោសែនជ័យ ស្ថិតនៅវត្តពិជ័យរង្ស៊ី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានចំណុះ៧៧នាក់ បានប្រើថេរវេលានៃការប្រអុំប្រណាំងក្នុងនាទីខ្លីជាងគេ ពោលគឺសរុបទាំង៤ជើងនៃការប្រកួត ប្រើពេលត្រឹមតែ១៩.៣៧.១២ ខណៈជ័យលាភីលេខ២ ទូកមានឈ្មោះថា គិរីវង្សសុខសែនជ័យ ប្រើថេរវេលា១៩.៣៨.៨៦ និងជ័យលាភីលេខ៣ ទូកឈ្មោះ រតនៈកុមារតេជោសែនជ័យ ប្រើថេរវេលា២០.០៩.០៦។

នេះជាកំណត់ត្រាថ្មីមួយទៀតរបស់ សារាយតេជោសែនជ័យ ក្នុងពិធីប្រណាំងទូករៀបចំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដ្បិតជ័យលាភីលេខ១ផ្នែកល្បឿនលឿននេះ សារាយតេជោសែនជ័យ បានទទួលចាប់តាំងពីពិធីប្រណាំងឆ្នាំ២០១៥មកម្លេះ ហើយបានបន្តឈរលេខលេខ១នេះទៀតនៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នេះបើតាមប្រភពព័ត៌មានដ៏ជិតដិតរបស់សារព័ត៌មានត្រយងបានផ្ដល់ជូន។

បើតាមប្រភពដដែល សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញវិញ សារាយតេជោសែនជ័យ បានទទួលជ័យលាភីលេខ១ផ្នែកល្បឿននេះនៅឆ្នាំ២០១៧ ប៉ុន្តែបានធ្លាក់ចំណាត់ថ្នាក់មកនៅត្រឹមជ័យលាភីលេខ២នៅឆ្នាំ២០១៨ មុននឹងបង្កើនសក្ដានុពលរបស់ខ្លួនឡើងវិញដើម្បីវិលទៅគ្រប់គ្រងបាននូវជ័យលាភីលេខ១មួយផ្នែកល្បឿនលឿនទូទាំងប្រទេសជាថ្មីម្ដងទៀតនៅឆ្នាំ២០១៩៕

Share.