ប៉ូលីសក្នុងប្រទេសឥណ្ឌាបាននិយាយនាថ្ងៃ ច័ន្ទ នេះថា មនុស្សយ៉ាងហោចណាស់ ១២០នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា បនញទាប់ពីស្ពានយោលថ្មើរជើងមួយនៅក្នុងរដ្ឋ Gujarat បានបាក់ បណ្ដាលឲ្យមនុស្សជាច្រើននាក់បានធ្លាក់ចូលទៅក្នុងទន្លេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ៣១ ខែ តុលា ឆ្នាំ ២០២២។

អាជ្ញាធរបាននិយាយថា មនុស្សជិត ៥០០នាក់ រួមទាំងស្រ្តី និង កុមារ កំពុងប្រារព្ធពិធីបុណ្យសាសនាមួយនៅលើស្ពាន និង ជុំវិញស្ពានដែលមានអាយុកាលជិត ១៥០ឆ្នាំ នៅក្នុងទីក្រុង Morbi ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃ អាទិត្យ នៅពេលដែលស្ពាននោះបានបាក់រលំ។

លោក P Dekavadiya មេប៉ូលីសនៅទីក្រុង Morbi បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទពីកន្លែងកើតហេតុថា «គិតត្រឹមថ្ងៃ ច័ន្ទ នេះ យើងបានរកឃើញសាកសពចំនួន ១២០នាក់ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង ខណៈដែលប្រតិបត្តិការស្វែងរក និង ជួយសង្រ្គោះ នៅបន្ដ»។ លោកបន្តថា មនុស្សជាង ១៣០នាក់ ត្រូវបានជួយសង្រ្គោះ។

ស្ពាននេះឆ្លងកាតទន្លេ Macchchhu មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Ahmedabad របស់រដ្ឋ Gujarat ប៉ុន្ដែគេមិនទាន់បានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យស្ពានប្រវែង ២៣០ម៉ែត្រ និង ទទឹង ១.៥ម៉ែត្រ ដែលសាងសង់ក្នុងឆ្នាំ ១៨៨០ នេះ បាក់រលំនៅឡើយទេ។ ខណៈស្ពាននេះទើបតែបើកដំណើរការឲ្យប្រើប្រាស់ឡើងវិញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានជួសជុលអស់ជាច្រើនខែ។

ក្រោយកើតឧប្បត្តិហេតុនេះ នាយករដ្ឋមន្រ្តី Narendra Modi បានធ្វើដំណើរទៅរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់លោក ដោយបានប្រកាសផ្ដល់សំណងដល់អ្នកស្លាប់ និង របួស នៅក្នុងឧបទ្ទវហេតុនេះ។

សូមជម្រាបថា ឧបទ្ទវហេតុលើហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និង ការថែទាំងសំណង់មិនបានល្អ គឺជារឿងធម្មតាក្នុងប្រទេសឥណ្ឌា។ កាលពីឆ្នាំ ២០១៦ មានហេតុការណ៍បាក់រលំស្ពានអាកាសនៅលើផ្លូវដ៏មមាញឹកមួយកន្លែងនៅក្នុងទីក្រុង ភាគខាងកើតនៃរដ្ឋ Kolkata ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់។ ក្រោយមកក៏មានហេតុការណ៍បាក់រលំ កើតមានជាញឹកញាប់នៅក្នុងប្រទេសនេះជាហូរហែរ៕

ប្រភព៖ CNA

Share.