គិតត្រឹមថ្ងៃ អាទិត្យ ម្សិលម៉ិញ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៥៣នាក់បានស្លាប់ ក្នុងហេតុការណ៍គៀបជាប់គ្នាក្នុងចំណោមមនុស្សជាង ១០០,០០០នាក់ អំឡុងពេលពួកគេជប់លាងក្នុងពិធីបុណ្យ Halloween នៅលើផ្លូវតំបន់កំសាន្ដ Itaewon ចំកណ្ដាលទីក្រុង សេអ៊ូល របស់កូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃ អាទិត្យ ទី ៣០ ខែ តុលា ឆ្នាំ ២០២២។

ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon Suk-yeol បានប្រកាសរយៈពេលនៃការកាន់ទុក្ខជាតិ និង បានកំណត់តំបន់ Itaewon ដ៏ពេញនិយមរបស់ទីក្រុង សេអ៊ូល ជាតំបន់គ្រោះមហន្ដរាយ បន្ទាប់ពីមានហេតុការណ៍ជាន់ និង កៀបជាប់គ្នាកាលពីយប់ថ្ងៃ សៅរ៍ សប្ដាហ៍មុន។​ លោក Yoon បានសម្ដែងការរំលែកទុក្ខដល់ជនរងគ្រោះ និង ជូនពរអ្នករងរបួសឲ្យឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស លោកបន្ថែមថា នេះជាគ្រោះមហន្ថរាយដ៏អាក្រក់បំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង និង ជាសោកនាដកម្មរត់ជាន់គ្នាដ៏អាក្រក់បំផុតរបស់ពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សរ៍។ បន្ថែមពីលើនេះ លោក Yoon បានប្ដេជ្ញាចិត្ត មិនឲ្យមានហេតុការណ៍បែបនេះកើតឡើងនៅក្នុងប្រទេសកូរ៉េទៀតឡើយ។

ក្រុមមន្រ្តីសង្រ្គោះបន្ទាន់បាននិយាយថា មនុស្សជាច្រើនបាននាំគ្នាសម្រុកចូលទៅប្រារព្ធពិធីបុណ្យ Halloween នៅផ្លូវតូចចង្អៀតក្នុងតំបន់ Itaewon ដោយបណ្ដាលឲ្យមានឧបទ្ទវហេតុនេះកើតឡើង អ្នកដែលបាត់បង់ជីវិតភាគច្រើនមានអាយុ ២០ឆ្នាំ ដោយសារតែខ្វះអុកស៊ីសែន គាំងបេះដូង និង រុញច្រានជាន់លើគ្នា។ ក្រុមមន្រ្តីបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។

ដោយឡែកលោក Choi Sung-beom ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ Yongsan បានប្រាប់សន្និសីទសារព័ត៌មាននៅកន្លែងកើតហេតុភ្លាមៗកាលពីថ្ងៃ សៅរ៍ថា មនុស្សចំនួន ៨២នាក់ បានរងរបួស ក្នុងមនុស្ស ១៩នាក់ រងរបួសធ្ងន់។ លោកបន្ថែមថា អ្នកដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មាន ២២នាក់ ជាជនបរទេស។

សូមជម្រាបថា ការរត់ជាន់គ្នាដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងបានកើតឡើងកាលពីយប់ថ្ងៃ សៅរ៍ ក្នុងផ្លូវដ៏តូចចង្អៀតក្បែរសណ្ឋាគារ Hamilton ក្នុងតំបន់កម្សាន្ដពេលរាត្រីដ៏ពេញនិយមនៃទីក្រុង Itaewon ចំកណ្ដាលទីក្រុង សេអ៊ូល ដោយបណ្ដាលឲ្យជនជាតិកូរ៉េ និង ជនបរទេសជាច្រើននាក់ បានបាត់បង់ជីវិត និង រងរបួសក្នុងឧបទ្ទវហេតុនេះ៕

ប្រភព៖ CNA

Share.