សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃចុងក្រោយ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានមានប្រសាសន៍សង្កត់ធ្ងន់អំពីគុណតម្លៃសាមគ្គីភាពរវាងពលរដ្ឋដែលស្រឡាញ់កីឡាប្រពៃណីប្រទាំងទូក។ មានអតីតភាពជាកូនកសិករស្រុកទន្លេ និងចូលចិត្តកីឡាប្រពៃណីប្រណាំងទូកដែរនោះ សម្ដេចតេជោបានបង្ហាញការកត់សម្គាល់ថា«ប្រជាពលរដ្ឋរបស់យើង បើទោះបីជាមាននិន្នាការខុសៗគ្នាក៏ដោយចុះ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងនូវតែមានការសាមគ្គីគ្នា»។

មានប្រសាន៍ដល់សាមគ្គីភាពនៃពលរដ្ឋ សម្ដេចបានបន្តថា«គ្រប់ទីកន្លែងដែលនាំទូកមកទីនេះ សុទ្ធតែមានចំណុះទូកពេញទៅដោយកម្លាំងថាមពលដ៏ល្អប្រសើរ។ នោះហើយជាស្មារតីនៃសាមគ្គីជាតិ ឯកភាពជាតិ ក្រោមម្លប់សន្តិភាពដែលយើងរកបានរយៈពេលកន្លងទៅ។ ដោយសារតែយើងមានសន្តិភាព ទើបយើងមានឱកាសដើម្បីប្រារព្ធពិធីប្រណាំងទូកនេះ ដោយគ្មានខ្លាចគ្រាប់កាំភ្លើង ឬការវាយប្រហារភេរវកម្មណាមួយដែលអាចកើតឡើងនោះទេ»។

សូមបញ្ជាក់ថានៅឆ្នាំនេះ រាជរដ្ឋាភិបាលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ជាថ្មីម្ដងទៀត សម្ដេចតេជោបានសុំការអធ្យាស្រ័យ ដោយសារតែជាប់ជំពាក់ជាមួយនឹងការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ហើយរៀបចំឱ្យបានសព្វគ្រប់នូវទិដ្ឋភាពទាំងឡាយដែលពាក់ព័ន្ធជាមួយសន្តិសុខ សណ្ដាប់ធ្នាប់នៅឯទីក្រុងភ្នំពេញ។

ក្នុងសេចក្ដីរាយការណ៍ជូនសម្ដេចតេជោ ហ៊ុន សែន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ពិធីប្រណាំងទូកខេត្តកណ្ដាលឆ្នាំ២០០២២នេះ មានទូកចូលរួមសរុបចំនួន៩២ទូក មានកីឡាករកីឡាការិនីចំណុះទូកសរុបចំនួន៥៣៣០នាក់ ក្នុងនោះទូអុំបុរស៤៧ទូក ទូកចែវ៦ទូក ទូកខ្នាតអន្តរជាតិចំនួន៣៩ទូក ទូកខ្នាតអន្តរជាតិជានារីចំនួន៤ទូក។

ឯកឧត្តមបន្តថា ក្នុងចំណោមទូកទាំង៩២ខាងលើ ខេត្តកណ្ដាលមានចំនួន ៧២ទូក ក្រុងតាខ្មៅ ៨ទូក ស្រុកកោះធំ ២ទូក ស្រុកកៀនស្វាយ ១៦ទូក ស្រុកល្វាឯម ១៣ទូក ស្រុកមុខកំពូល ១០ទូក ស្រុកខ្សាច់កណ្ដាល ១២ទូក ស្រុកពញាឭ ៤ទូក ស្រុកស្អាង ៦ទូក ស្រុកអង្គស្នួល ១ទូក រាជធានីភ្នំពេញចំនួន ៩ទូក ខេត្តកំពង់ចាម ៤ទូក ខេត្តព្រៃវែង ២ទូក ខេត្តតាកែវ ១ទូក ខេត្តកំពង់ឆ្នាំង ១ទូក ក្រសួងការងារចំនួន ៣ទូក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកណ្ដាល ដែលបានរៀបចំពីធីប្រណាំងទូកក្នុងរយៈពេលពីរថ្ងៃ ដែលក្នុងគោលដៅគឺ ទី១ ដើម្បីអបអរសាទរខួបលើកទី១៨នៃការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈនៃយើង និងថ្ងៃទី២គឺដើម្បីអបអរសាទរចំពោះបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទី៣ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៕

Share.