សិល្បៈ​ជាតិ​៖ អ្នក​នាង​ ឌូ ពុធមូលីតា អ្នកផាត់មុខខ្សែភាពយន្ត បែប ​Special Effect ដែលទទួលបានជំនាញពី Hollywood បា​ន​បង្ហាញ​ស្នាដៃ​ផាត់​មុខ​ថ្មី​មួយ​របស់​ខ្លួន​ ជូន​ដល់​កំពូល​តារា​ហូលីវូដ​ល្បីនៅ​លើ​បណ្ដាញ​សង្គម​​ ដែល​ស្នាដៃ​ថ្មី​របស់​​អ្នក​នាង​កំពុងតែ​មាន​ការ​ចាប់អារម្មណ៍​ពី​មហាជន​ពិសេស​អ្នក​លេង​បណ្ដាញសង្គម​។

នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​បុណ្យ​ធំ​ ហាឡូវីន អ្នក​ជំនាញ​ផាត់​មុខ​ល្បី​លំដាប់​ហូលីវូដ​ ដែល​បាន​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ថា​ Apple love Makeup Gallery បាន​បង្ហោះ​រូប​ភាព​ពីរ​សន្លឹក​ដែល​ជា​ស្នាដៃ​របស់​ខ្លួន​ ដោយ​រូប​ភាព​ទាំង​ពីរ​នោះ​គឺជា​រូបភាព​ដែល​អ្នក​នាង​តុបតែង​បែប​ពិសេស​ Special Effect ជូន​ដល់​សិល្បករ​លំដាប់​ពិភពលោក​ លោក​ស្រី​ Kim Kardasian។

នារី​​មាន​ដើម​កំណើត​នៅ​ខេត្ត​ស្ទឹង​ត្រែង​រូប​នេះ​បាន​ថ្លែង​ពី​ក្ដី​រំភើប​និង​កិត្តិយស​យ៉ាង​ក្រៃលែង ​ដែល​ខ្លួន​បាន​ចូលរួម​ក្នុង​ក្រុម​ nocturnal_designz team ​តុបតែង​រូប​រាង​មុខ​មាត់​សម្រាប់​​លោក​ស្រី​ Kim Kardasian ដើម្បី​អបអរ​បុណ្យ​ ហាឡូវីន​។

កើត​នៅ​ក្នុង​គ្រួសារ​ក្រី​ក្រ​ ជ្រកក្រោមដំបូលផ្ទះខ្ទមតូចមួយ សង់ក្នុងដីរបស់សាលារៀនកាលពីអតីតកាល និង​មាន​ម្ដាយធ្វើការនៅមន្ទីរអប់រំ អ្នកផាត់មុខសម្បុរស្រអែម​រូប​នេះ​ គឺជាអតីតនិស្សិត នៃ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ជំនាញគ្រូបង្រៀនភាសា​អង់​គ្លេស​។

នៅឆ្នាំទី៣ នៃការសិក្សា អ្នកនាង ឌូ ពុធមូលីតា ចាប់ផ្ដើមចាប់អារម្មណ៍ការផាត់មុខ ​ពោល​គឺក្រោយពីអ្នកនាងបានឃើញមិត្តភ័ក្ដិធ្វើរឿង Zombie។  អ្នកនាង ទទួលបានអាហារូបករណ៍ នៅឆ្នាំ២០១៦ ទៅរៀនជំនាញផាត់មុខនៅសហរដ្ឋអាម៉េរិក។ ក្នុងអំឡុងឆ្នាំ២០១៨ អ្នកនាងបានបញ្ចប់ការសិក្សានៅ Hollywood ពីសាលា Cinema Make Up School។ ក្រោយបញ្ចប់ការសិក្សា​នៅ​ទីនោះ​ អ្នកនាង​បាន​ចាប់​ផ្ដើម​ធ្វើការក្នុងឧស្សាហកម្មភាពយន្ត នៅ Hollywood រហូតដល់បច្ចុប្បន្ននេះ​តែម្ដង​៕ 

ប្រភព៖ FB Apple love Makeup Gallery

Share.