ពានរង្វាន់​បាល់ទះ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ពិធី​បិទ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ឯកឧត្តម ស សុខា អនុ​ប្រធាន​សហព័ន្ធ និង​មន្រ្តី​របស់​សហព័ន្ធ​ជា​ច្រើន​រូប​ទៀត​បាន​អញ្ញើញ​ចូលរួម​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ធំ​ប្រចាំ​ឆ្នាំ​នេះ។

ឯកឧត្តម នេត សាវឿន បាន​ថ្លែង​អំណរគុណ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​រួមចំណែក​សហការ​គ្នា​ ដំណើរការ​ប្រកួត​រហូត​បញ្ចប់​ដោយ​រលូន​និង​​ជោគជ័យ។ ឯកឧត្តម បាន​បញ្ជាក់​ថា​ការ​រៀបចំ​ពានរង្វាន់​សម្តេច​តេជោ នេះ​ឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ដូចជា៖«១) ផែនការ​ ១ ក្នុង​ការ​ធ្វើ​ឱ្យ​​កីឡា​បាល់ទះ​កម្ពុជា កាន់​តែ​មាន​គុណភាព​ខ្ពស់​​និង​ឈាន​ទៅ​រក​ស្តង់ដារ​កម្រិត​ពិភពលោក ២) ពង្រឹង​វិស័យ​បាល់ទះ​ឱ្យ​កាន់​តែ​មាន​ប្រជាប្រិយភាព​ និង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ពី​សំណាក់​យុវជន រួម​ចំណែក​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មាន​សុខភាព​ល្អ​ ជៀស​ផុត​ពី​អំពើ​អសកម្ម​នានា​ក្នុង​សង្គម។ ៣) បង្កើន​កម្រិត​សមត្ថភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​ត្រៀម​ប្រកួត​សំខាន់ៗ​នា​ពេល​ខាង​មុខ ជា​ពិសេស​ការ​ជ្រើសរើស​កីឡាករ​ចូល​ក្នុង​ជម្រើស​ជាតិ សម្រាប់​ត្រៀម​ស៊ីហ្គេម​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ៤) ពង្រឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី៣២​ និង​ប្រកួត​អន្តរជាតិ​នានា»។

សូម​បញ្ជាក់​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​១១​ចូលរួម ដោយ​ក្នុង​នោះ​ក្រុម​ចំនួន​៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ ដោយ​បែងចែក​ជា​ពូល​ជម្រុះ​តាំង​ពី​ថ្ងៃ​ទី​​១៥ ខែ​តុលា មក​ម៉្លេះ លើ​ទីលាន​កីឡដ្ឋាន​ព្រីនស៍ ស្រប​ពេល​ដែល​ជើង​ឯក​បាន​ទៅ​​ក្រុម​បាល់ទះ​វិសាខា ហើយ​ជើង​ឯក​រង​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ ​ចំណាត់ថ្នាក់​លេខ៣ បាន​ទៅ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ក្រុម​លេខ៤​បាន​ទៅ​ក្រុម​កងពលធំអន្តរាគមន៍​លេខ៣៕

Share.