ព្រឹត្តិការណ៍​ប្រកួត​កីឡាពានរង្វាន់ «សម្តេច​ក្រឡាហោម ស ខេង » ឆ្នាំ២០២២ នៅ​ខេត្ត​បាត់ដំបង បាន​​ដំណើរការ​ប្រកួត​ហើយ ពោល​គឺ​ចាប់​ពី​ថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តម ស រដ្ឋា ប្រគល់​បាល់​និមិត្តរូប​ជូន​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បាន​អញ្ញើញ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ កាល​ពី​ពេល​ថ្មីៗ ខណៈ​ ការ​ប្រកួតកីឡាពានរង្វាន់ «សម្តេច​ក្រឡាហោម ស ខេង » ឆ្នាំ២០២២ ​កំណត់​យក៣​ប្រភេទវិញ្ញាសាកីឡា​ឱ្យ​ចូលរួម​ប្រកួត​ប្រជែងរួមមាន៖ បាល់ទាត់ វាយសី និងប៉េតង់។

ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង បាន​ថ្លែង​អំណរគុណ​ដល់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ស សុខា អនុ​ប្រធាន​សហភាព​សហព័ន្ធ​កម្ពុជា ទទួល​បន្ទុក​៣ខេត្ត​ ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ឡើង។ ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម ក៏​​បាន​ថ្លែង​អំណរគុណ​ដល់ ​សាលា​ខេត្ត​បាត់ដំបង កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ មន្ទីរ​អប់រំយុវជន​និង​កីឡា​ខេត្ត សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង និង​សប្បុរសជន​នានា ដែល​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ពានរង្វាន់​​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ នេះ​ដំណើរ​ទៅ​ដោយ​រលូន។

ឯកឧត្តម បាន​បន្ត​ថា​គោល​បំណង​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​ព្រឹត្តិការណ៍​កីឡា​នេះ​ឡើង គឺ​ដើម្បី​បំផុស និង​កៀរគរ​យុវជន​គ្រប់​ស្រទាប់​ឱកាស​ស្រលាញ់​វិស័យ​កីឡា ជ្រៀសផុត​ពី​ការ​សេពគ្រឿងញៀន គ្រឿង​ស្រវឹង និង​ល្បែង​អបាយមុខ​ផ្សេងៗ។

ឯកឧត្តម សុខ លូ និង ឯកឧត្តម ស រដ្ឋា

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ប្រធាន ​ការ​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ដូចជា៖

វិញ្ញាសាកីឡាបាល់ទាត់បុរស មានចំនួន 32ក្រុម មានកីឡាករ សរុប ចំនួន 832 នាក់។

វិញ្ញាសាកីឡាវាយសី មានចំនួន 53ក្រុម មានកីឡាករ សរុប ចំនួន 106 នាក់។

វិញ្ញាសាកីឡាប៉េតង់ មានចំនួន 61ក្រុម មានកីឡាករ សរុប ចំនួន 244 នាក់។

សូមបញ្ជាក់ថា វិញ្ញាសាទាំង០៣នេះ នឹងត្រូវធ្វើការប្រកួតផ្តាច់ព្រ័ត្រ និងប្រកាសជ័យលាភីប្រគល់ ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ក្រុមចូលរួម

នេះ​​អាច​និយាយ​បាន​ថា​ជា​សកម្មភាព​មួយ​ដែល​ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ (SEA Game 2023) ក្រោមពាក្យស្លោក «កីឡា រស់នៅក្នុងសន្តិភាព» ៕

Share.