ព្រះសីហនុ៖  សមត្ថកិច្ចនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងអាជ្ញាធរស្រុកគីរីវង់ បានសហការគ្នាចុះបង្ក្រាបលើករណីឃាតកម្ម ជនជាតិចិន សម្លាប់​ជនជាតិចិនដូចគ្នា ហើយយកទៅប្លុងចោល នៅស្រុកព្រៃនប់ ខេត្តព្រះសី ហនុ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងអាជ្ញាធរស្រុកគីរីវង់ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានសហការជាមួយកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនម្នាក់ ត្រង់ចំណុចភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ករណីសម្លាប់ជនជាតិចិនដូចគ្នា ត្រង់ចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយសម្លាប់ជនរង្រ្គោះរួច ជនសង្ស័យបានដឹកសពយកទៅប្លុងចោលនៅក្នុងគម្ពោតព្រៃក្បែរបុរីមួយកន្លែង ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ហ្សាង ជើងកុង ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន រស់នៅខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បង្គាប់មកការិយាល័យព្រហ្មទណ្ឌ ខេត្តតាកែវ ប្រគល់ឱ្យការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

Share.