យោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថាខ្សែបម្រើប្រយុទ្ធឆ្នើម Nguyen Quang Hai រហ្សសនាម Messi រៀតណាម នឹងមិនអាចចូលរួមការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ២០២២ ជាមួយក្រុមជម្រើសជាតិវៀតណាម នៅចុងឆ្នាំនេះបានឡើយ។

បន្ទាប់ពីក្លិបបាល់ទាត់ Pau FC នៃ​លី​គ​លំដាប់​ទី​២ ប្រទេសបារាំង ដែលមាន​មូលដ្ឋាន​ក្នុងស្រុក Pau ខេត្ត Pyrenees-Atlantiques ដែល​មាន​ចម្ងាយ​ប្រហែល​៨០០​គីឡូម៉ែត្រ​ពី​ទី​ក្រុងប៉ារីស បានបដិសេធនូវសំណើរនៃកោះហៅរបស់សហព័ន្ធបាល់ទាត់វៀតណាម (VFF) ដោយហេតុថា ព្រឹត្តិការណ៍ខាងលើមិនស្ថិតក្នុងថ្ងៃ FIFA DAY ឡើយ។

ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022​ ដែលនឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខណ:ក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ានម៉ា, ឡាវ។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង។

ថៃ ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះ​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៦លើក ឯ​សិង្ហបុរី ឈ្នះ​បាន​៤លើក វៀតណាម ឈ្នះ​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។ ឥណ្ឌូណេស៊ី ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក តែ​​បរាជ័យ​រហូត៕

Share.