ថ្នាក់ដឹកនាំតំបន់ និងពិភពលោក បានចាប់ផ្តើមបញ្ជាក់មកកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ជាបន្តបន្ទាប់ថានឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម​ លុយ ដាវីដ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាក្រសួងនឹងចេញសេចក្ដីប្រកាសព័ត៌មានដើម្បីជម្រាបជូនអំពីវត្តមានឥស្សរជនបរទេសដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះជាផ្លូវការ។

សូមបញ្ជាក់ថា សេតវិមាននៃរដ្ឋាភិបាលអាមេរិក បានប្រកាសឱ្យដឹងថាឯកឧត្តមប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជានាថ្ងៃទី១២ និង១៣​ ខែវិច្ឆិកា ដើម្បីចូលរួមក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជាមួយនឹងមេដឹកនាំអាស៊ាន និងប្រទេសដៃគូអាស៊ានផ្សេងទៀត។ យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាដែលជាបណ្ដាញសារព័ត៌មានមួយរបស់រដ្ឋ យ៉ាងហោចណាស់មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសចំនួន១៩ នឹងមានវត្តមានមកចូលរួមកិច្ចប្រជុំអាស៊ាន។

ឯកឧត្តម លុយ ដាវីត ដែលជាធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បន្តថា ក្រៅពីថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និងប្រមុខរដ្ឋប្រទេស​សមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមានអាស៊ានទាំង១០ បូក អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែល ហ្សេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និង​អាមេរិក ក៏អាចនឹងមានប្រមុខរដ្ឋាភិបាលកាណាដាផង​ដែរ។ ឯកឧត្តមបន្តថា«កម្ពុជាត្រូវធ្វើកិច្ចការនេះជាច្រើនតាំងពីបញ្ហា​សន្តិសុខ ភស្តុភាកម្ម ពិធីការ បញ្ហាឯកសារ កិច្ចព្រមព្រៀង និងឯកសារជាច្រើន»។

ឯកឧត្តមបានចាត់ទុកបញ្ហាសន្តិសុខ និងភស្តុភាកម្ម ក៏ដូចជាពិធីការ គឺជាកិច្ចការចាំបាច់បំផុត ដើម្បីធ្វើយ៉ាងណា​ឱ្យថ្នាក់ដឹក​នាំទាំងអស់ទទួលបាននូវអារម្មណ៍កក់ក្តៅ មានសុវត្ថិភាព មានផាសុខភាព។ «រីឯកិច្ចការរៀបចំឯកសារ គឺមន្រ្តីដែលពាក់ព័ន្ទត្រូវចរចា ត្រូវពិភាក្សា ត្រូវសម្របសម្រួល ដោយពេលខ្លះត្រឹមតែពាក្យមួយម៉ាត់ គឺអាចតឹងសរសៃកដាក់គ្នា ហើយអាចនឹងមានបញ្ហាវិវាទ​ការទូត និងបញ្ហានយោបាយក៏ថាបានផងដែរ»។ នេះជាការបន្ថែមរបស់ឯកឧត្តមរដ្ឋលេខាធិការ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៦ ខែតុលា ឯកឧត្តម លុយ ដាវីត បានអញ្ជើញផ្ដល់ព័ត៌មានជូនអង្គទូត​ និងគណៈប្រតិភូនាំមុខស្ដីពីការរៀបចំផ្នែកពិធីការ និងបែបបទរដ្ឋបាល សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំអាស៊ានឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕

Share.