ភ្នំពេញ៖រថយន្តកុងតឺន័រដឹកកញ្ចក់មួយគ្រឿង ធ្វើដំណើរចេញមកតាំងពីព្រំដែនថៃ បើកសុខៗដាច់របូតទ្រុងធ្លាក់កញ្ចក់មួយដុំស្មើនឹង១០០០សន្លឹក បែកគរ រាយប៉ាយលើផ្លូវ សំណាងណាស់មិនប៉ះពាល់ដល់មនុស្ស ឬយានរួមផ្លូវ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង មុខច្រកផ្សារឯករាជ្យ២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តកុងតឺន័រខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-7138 សណ្តោងសឺមុីរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-1984 ដឹកកញ្ចក់ពេញទ្រុង ។ កញ្ចក់ដែលធ្លាក់១ដុំ ស្មើ១០០០សន្លឹក ក្នុង១សន្លឹក ៣ម៉ែត្រx៣ម៉ែត្រ ស្មើនឹង៩ការ៉េ បែកខ្ទេចទាំងអស់ ។

បើតាមកម្មកររបស់ក្រុមហ៊ុនកញ្ចក់ បានឲ្យដឹងថា កញ្ចក់ដឹកមកពីព្រំដែនថៃ-ខ្មែរតាមច្រក ឡែម ខេត្តចាន់បូរី ឬ ច្រកទ្វារអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចូលមករាជធានីភ្នំពេញ ។លុះពេលមកបើកតាមមហាវិថីឈ្នះ ឈ្នះ បត់តាមផ្លូវបេតុង សំដៅឆ្ពោះទៅផ្លូវជាតិលេខ៤ គ្រាន់តែរថយន្តបត់ត្រង់ផ្លូវកែងខាងក្រោយផ្សារជម្ពូវ័ន ស្រាប់តែដាច់របូតទ្រុងមួយចំហៀង ធ្វើឲ្យធ្លាក់កញ្ចក់មួយដុំ ស្មើ១០០០សន្លឹកបែកខ្ទេច ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា សំណាងណាស់ ពេលដែលកញ្ចក់មួយដុំធំធ្លាក់ពីលើរថយន្តកុងតឺន័រ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ដល់យានជំនិះផ្សេងទៀត ។

រថយន្តខាងលើក្រោយពីធ្លាក់កញ្ចក់បែកមួយដុំ នៅលើផ្លូវ គ្រាន់តែបង្កឲ្យកកស្ទះចរាចរប៉ុណ្ណោះ ។ក្រោយកើតហេតុកម្មករនាំគ្នាកើបប្រមូលដាក់រថយន្តមួយគ្រឿងផ្សេងទៀត ដើម្បីសម្អាតផ្លូវឡើងវិញ៕

អត្ថបទ៖តាតុង សែនជ័យ

Share.