បន្ទាប់​ពី​រត់​បាន​សម្រេច​គោលដៅ​ចេញ​ពី​ភ្នំពេញ​ទៅ​ដល់​សៀមរាប​ដែល​តារាចម្រៀង​ សាយ​ រត់​បាន​ ៤​ សែន​ជំហាន​ ស្រាប់​តែ​ពេលនេះ​គ្រូពេទ្យ​បាន​ហាម​ មិនឱ្យ​លោក​រត់​រយៈ​ចំងាយ​ឆ្ងាយ​លើស​ពី​ ១០​​ គីឡូម៉ែត្រ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ លោកអាចប្រឈម​នឹង​ទុក្ខ​ទេវនា​នៅ​ថ្ងៃ​ក្រោយ​។ នេះ​បើ​តាម​ការ​បង្ហោះ​ប្រាប់​ពី​ សាយ​ នៅ​ថ្ងៃ​ចុង​ខែ​តុលា​ឆ្នាំ​២០២២​នេះ​​។ ​

លោក សាយ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយ សាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់លោក ព្រោះសូម្បីតែពេទ្យក៏ណែនាំឱ្យលោកឈប់រត់ឆ្ងាយលើសពី 10 គីឡូម៉ែត្រដែរ បើសិនជារូបលោកមិនចង់វេទនានៅពេលក្រោយ។

លោកបន្តថា សង្ឃឹមថាតាមរយៈសកម្មភាពរបស់លោកនិងក្រុមការងារ នឹងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ ទើបលោកប្រើពាក្យថា Cambodia Children need YOU ជាសារសំខាន់បំផុត។

សូមជម្រាបថា នៅថ្ងៃទី ៣០ តុលា នេះ បេសកម្មសប្បុរសធម៌របស់ សាយ បានសម្រេចដល់គោលដៅ និងបានរៃអង្គាសប្រាក់ពីសប្បុរសជនបានចំនួន ៦៦ ៤៧០.៩១ ដុល្លារ ដែលស្មើនឹង ២៦៥ ៨៨៣ ៦៤០ រៀល ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ។

Share.