នៅសល់មិនដល់១ខែទៀត ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈខ្សែបម្រើ Paul Pogba របស់ Juventus នឹងអវត្តមានពីក្រុមជម្រើសជាតិបារាំង ដោយរូបគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រាកព្យាបាលរបួសក្រោយវះកាត់របួសជង្គង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី៣១ ខែតុលា ភ្នាក់ងាររបស់ Pogba លោក Rafaela Pimenta បាននិយាយថា៖«បន្ទាប់ពីការវិនិច្ឆ័យកាលពីម្សិលមិញ និងថ្ងៃនេះនៅទីក្រុង Torino និង Pittsburgh វាពិតជាឈឺចាប់ខ្លាំងណាស់ក្នុងការជូនដំណឹងថា Paul Pogba នឹងនៅតែត្រូវការពេលវេលាដើម្បីជាសះស្បើយពីការវះកាត់របស់គាត់»។

ក្រៅពីខ្សែបម្រើ Paul Pogba ក៏មានកីឡាករល្បីៗមួយចំនួនផ្សេងទៀតដូចជា Diogo Jota, N’Golo Kante, Gini Wijnaldum, Kyle Walker, Reece James, Romelu Lukaku, Angel Di Maria ក៏នឹងអវត្តមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ ផងដែរ ដោយសារបញ្ហារបួស។

ចំពោះលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍​
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, ​អូស្ត្រាលី​
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា​
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.