ភ្នំពេញ ៖ បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូZOOMER ទៅបុកគ្រាដែលកំពុងឈរសម្រួលចរាចរលើផ្លូវជាតិ ។

ហេតុកាណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិ លេខ៣ ទល់មុខបុរីជារី ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សូរ ជន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅបុរីធូលន ក្បែរកន្លែងកើតហេតុ រងរបួសធ្ងន់សង្ឃឹមរស់តិចតួច ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាជនរងគ្រោះ កន្លងមកទាំងយប់ថ្ងៃគេឃើញទៅជួយសម្រួលចរាចរ នៅលើផ្លូវជាតិលេខ៣ ពេលព្រឹកនៅមុខហាងបាយលីលី ពេលយប់ឃើញនៅទល់មុខបុរីជារី ស្រាប់តែនៅ យប់កើតហេតុ ខណៈដែលកំពុងឈរជួយសម្រួលចរាចរ ស្រាប់តែមានម៉ូតូម៉ាកZOOMER ពណ៌សពាក់ស្លាក លេខ ភ្នំពេញ 1GD-1514 ជិះដោយបុរសម្នាក់ស្រវឹងស្រា ពីត្បូងទៅជើង បុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ ម៉ូតូដួលអូសច្រើនម៉ែត្រ អ្នកបើកបររងរបួសស្រាល បែកលើចិញ្ចើមខាងស្តាំ តែវង្វេងដោយសាសុរា ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែក្តីសង្ឃឹមតិចតូច ។ ចំណែកម៉ូតូ ក្រោយពីសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.