ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក AUDI Q7 បានបេីក វ៉ាក់អឺជាន់ ហ្រ្វាំងមិនជាប់ទៅបុករថយន្ត ម៉ាកសឺដេសស៊េរីចាស់ បណ្តាលអោយរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក ម៉ាកសឺដេស ស៊េរីចាស់ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1151 បើកបរទិសដៅពីកើត មក លិច។ ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុនៅម្តុំស្តុប ផ្សារកាប់គោបានឈប់ស្តុបក្រហម ស្រាប់តែរថយន្តស៊េរីទំនើបម៉ាក AUDI Q7 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-5371 បើកបរស្របទិសដៅគ្នា មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តខាងម៉ាកសឺដេស រងការខូចខាតផ្នែកខាងក្រោយជំហៀងខាងឆ្វេងយ៉ាងដំណំ។ចំពោះរថយន្ត AUDI Q7 វិញនោះ រងការខូចខាតផ្នែកខាងមុខចំហៀងខាងស្ដាំយ៉ាងដំណំ។ ជុំវិញហេតុការណ៍ខាងលើនេះដែរ មិនមានអ្នករងរបួសនោះទេ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានឲ្យសម្របសម្រួលគ្នា តែការចរចារបស់ភាគីទាំង២មិនត្រូវរូវគ្នា ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌចំការមន បានចុះមកធ្វើការវាល់វែង រួចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.