ភ្នំពេញ ៖ ម៉ូតូរុឺម៉កលក់បន្លែមួយគ្រឿង ខណៈដែលកំពុងឈប់ចតចិញ្ចើមផ្លូវ ត្រូវបានរថយន្តកុងតឺន័របើកគេចពីរថយន្តសាំយ៉ុងបួងចង្កូតជ្រុលកៀរទាក់ដាច់ទាំងទុយោទឹករដ្ឋ បោកផ្ទប់នឹងរបងផ្ទះពលរដ្ឋ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែសម្ភារៈ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៩និង២៥នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងវត្តជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរុឺម៉កលក់បន្លែ ត្រីសាច់ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8155 បានឈប់ចតស្ងៀម ត្រង់ចំណុចកើតហេតុ ពីកើតទៅលិច ដោយសារមានអ្នកភូមិហៅទិញម្ហូប ស្របពេលនោះ រថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ កណ្តាល3A-1188 អូសសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-4206 បើកពីកើតទៅលិច គេចពីរថយន្តម៉ាកសាំយ៉ុង បើកច្រាសទិសគ្នា។ ដោយឃើញសភាពមិនស្រួល បងប្អូនពលរដ្ឋ ទះ គោះទ្រុងកុងតឺន័រ ក្នុងបំណងឲ្យឈប់សិន ផ្លូវតូចចង្អៀត ក៏ប៉ុន្តែអ្នកបើកបរនៅបន្តបើករុលត្បុលទៅមុខ ទើបបណ្តាលឲ្យកៀរម៉ូតូរុឺម៉ក ទាក់ដាច់ទុយោទឹករដ្ឋ នៅមុខផ្ទះពលរដ្ឋ និងស្លាកប៉ាណូ អូសបោកផ្ទប់របងផ្ទះពលរដ្ឋកៀបជាប់ទៅមុខលែងរួច ម៉ូតូបាក់កង់ក្រោយ ។

តាមសម្តីបុរសជាអ្នកបើកបររថយន្តកុងតឺន័របានឲ្យដឹងថា គាត់ពិតជាមិនបានឮស្នូរពលរដ្ឋស្រែក គោះ ឲ្យរថយន្តឈប់នោះទេ ស្មានតែផុតហើយ ទើបកៀរបែបនេះ ។

ក្រោយកើតហេតុ ភាគីទាំងអស់ និយាយសម្របសម្រួលគ្នា ដោយទាមទាររកសំណងនៃការខូចខាត ម៉ូតូរុឺម៉ក ទុយោទឹក ស្លាកប៉ាណូដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.