កីឡាករ​បាល់ទះ​ឆ្នើម Yuji Nishida របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ជា​សះស្បើយ​ពី​របួស​ជង្គង់​ស្ដាំ​របស់​ខ្លួន​ហើយ​កាល​ពី​ពេល​ថ្មីៗ ព្រម​ទាំង​ចូល​ហ្វឹកហាត់​ឡើង​វិញ​ផង​ដែរ ក្រោយ​ចំណាយ​ពេល​ព្យាបាល​អស់​ជាង​១ខែ​មក​នេះ។

កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ បាន​រង​របួស​ក្នុង​ប្រកួត​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​ប៉ះ​ចំ​កជើង​ស្ដាំ​បន្ទាប់​ពី​ព្យាយាម​លោត​​ប៉ារ៉ាស់​បាល់ ហើយ​រូប​គេ​មិន​អាច​ងើប​ដើរ​ដោយ​ខ្លួន​បាន​នោះ​ទេ​នៅ​កាល​ណោះ​អំឡុង​ពេល​ប្រកួត​មិត្តភាព​ក្នុង​ស្រុក។ តែ​បច្ចុប្បន្ន​ជប៉ុន រូប​គេ​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​​សមាជិក​ក្រុម​​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​ជប៉ុន ឡើង​វិញ​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖តារា​បាល់ទះ​ជប៉ុន Yuji Nishida របួស​ជើង​ស្ដាំ មុន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​អូឡាំពិក

របួស​នេះ​បាន​ធ្វើ​ឱ្យ Yuji Nishida មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​បេសកកម្ម​ពានរង្វាន់​បាល់ទះ​ពិភពលោក 2021 FIVB Volleyball Men’s Nations League កំពុង​តែ​ធ្វើ​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ដែល​មាន​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភពលោក។

ប៉ុន្តែ​ជា​រឿង​វិជ្ជមាន​ដែរ ដែល​កីឡាករ​រូប​នេះ​បាន​ជា​សះស្បើយ​មុន​ពេល​ជប៉ុន ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា ​អូឡាំពិក​​ក្នុង​ខែ​កក្កដា ខាង​មុខ ខណៈ​ម្ចាស់​ផ្ទះ​ជប៉ុន ស្ថិត​ក្នុង​ពូល A ជាមួយ​ប៉ូឡូញ អ៊ីតាលី កាណាដា អ៊ីរ៉ង់ និង​វេណេហ្ស៊ុយអេឡា ហើយ​ពូល B មាន​ប្រេស៊ីល អាមេរិក រុស្ស៊ី អាហ្សង់ទីន បារាំង​និង​ទុយណេស៊ី៕

Telegram-Troryorng
Share.