(បន្ទាយមានជ័យ)៖ កសិករធ្វើស្រែចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន17ដុំ/រូប បានយកប្រគល់ជូនអាជ្ញាធរ និងប្រគល់បន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ត្រូវបានពិនិត្យ និងចុះបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍ នាស្រុកស្វាយចេក នៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2021។

លោក លឿង  សុភក្តិ អភិបាលស្រុកស្វាយចេក បានប្រាប់ថា វត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន17ដុំ/រូប ត្រូវបានប្រជាកសិករពីរនាក់ប្តីប្រពន្ធរកឃើញ ប្តីឈ្មោះ មិ តឿ អាយុ 35ឆ្នាំ និងប្រពន្ធឈ្មោះ ហល់ សុភៀន អាយុ39ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានយកត្រាក់ទ័រទៅភ្ជួរដីចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ឈាងខាងជើងភូមិតាអុងលិច កាលពីម៉ោងជាង09ព្រឹក ថ្ងៃទី10ខែមិថុនា ឆ្នាំ2021 ម្សិលមិញ ពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ហើយក៏ភ្ញាក់ផ្អើលឡើងដល់អ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ។ ដោយឮខ្ចរខ្ចាយបែបនេះ កសិករបានស្ម័គ្រចិត្តប្រគល់ វត្ថុបុរាណជូនអាជ្ញាធរ ដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញ។

លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានចុះមកពិនិត្យ និងបញ្ជាក់ថា វុត្ថុបុរាណនេះ អាចមានចំណាស់ក្នុងស.វទី10ទៅ11។ វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន 17ដុំ/រូប ធ្វើពីលោហៈធាតុ  មានដូចជា៖ ពុម្ពចាក់ព្រះ ចំនួន02 , កណ្តឹង (ត្រួយ) ចំនួន02, កងចំនួន09, ទេវរូបស្រី  ចំនួន01, ទេវរូបប្រុសចំនួន01, ពុទ្ធរូបប្រក់នាគចំនួន02, និងដុំសំណចំនួន10ដុំ (តូចៗ)។

ការបន្ថែមវត្ថុសិល្បៈបុរាណទាំង17ដុំ/រូប នាំអោយសារៈមន្ទីរស្រុកស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋ ពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួនសរុប526ដុំ /រូប /បន្ទះ៕ 

អត្ថបទ៖ ភ្នាក់ងារ ប៉ោយប៉ែត

Share.