ជម្រើស១១នាក់ដំបូងរបស់កម្ពុជា ពេល​ប៉ះ​អ៉ីរង់ កាលពីឆ្នាំ​២០១៩

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​បិទ​ពូល C ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង នៅ​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​សុក្រ ទី១១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Khalifa Sports City Stadium ប្រទេស​បារ៉ែន ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី២ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក ​2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។

«សារព័ត៌មាន​ត្រយង» បាន​ទាញ​​អារម្មណ៍​ប្រិយមិត្ត​ត្រឡប់​ទៅ​កាន់​កាល​ពី​ជិត​៥០ឆ្នាំ​ ក្នុង​រជ្ជកាល​ដល់​កំពូល​នៃ​បាល់ទាត់​ខ្មែរ ដែល​កាល​នោះ​កម្ពុជា បាន​ឈរ​ចំណាត់​ថ្នាក់​លេខ​៤​ ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 1972 AFC Asian Cup។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​៖«ចាញ់​ឬ​ឈ្នះ តែ​អ្នក​គាំទ្រ​ចង់​ឃើញ​​ជម្រើស​ជាតិ​លេង​ដោយ​បច្ចេកទេស​និង​មោះមុត»

ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​រង​​នៅ​តំបន់​អាស៊ី​កណ្ដាល ​ក្រុម​កម្ពុជា មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​នៅ​ជុំ​ចុងក្រោយ​ដែល​មាន​៦​ក្រុម​ សុទ្ធ​តែ​ជើង​ខ្លាំងៗ​មក​ពី​តាម​តំបន់​នានា​នៅ​ក្នុង​អាស៊ី ដោយ​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧២។

រូបមន្ត​កាល​នោះ​​ត្រូវ​ឱ្យ​ក្រុម​ទាំង​៦​ចាប់​គូ​គ្នា ដើម្បី​​ប្រកួត​ចែក​ពូល។ កម្ពុជា ចាប់​គូ​ជួប​អ៊ីរ៉ង់ ហើយ​បាន​បរាជ័យ ដោយ​លទ្ធផល​២ទល់០ ក្រោម​ការ​កាត់សេចក្តី​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ជនជាតិ​កូរ៉េខាងត្បូង Kim Jo-Wong។

ក្រោយ​មក​ក្រុម​ទាំង​៦ត្រូវ​បែងចែក​ពូល ដោយ​ពូល A មាន​អ៊ីរ៉ង់ ថៃ និង​អ៊ីរ៉ាក់ ហើយ​ពូល B មាន​កូរ៉េខាងត្បូង កម្ពុជា និង​គុយវ៉ែត។ ក្រុម​កម្ពុជា បាន​ចាញ់​កូរ៉េខាងត្បូង ៤ទល់១ តែ​ឈ្នះ​គុយវ៉ែត ៤ទល់០ វិញ។ ២​ប្រកួត​រក​បាន​៥គ្រាប់​គ្រា​នោះ​ រក​បាន​ដោយ​កីឡាករ​ ឌឿ សុខុម ២គ្រាប់​ម្នាក់​ឯង(១ប្រកួត​រក​បាន១គ្រាប់), សុក ស៊ុនហៀន, ទេស សៀន និង សៀ ចេងអេង។

ក្នុង​នាម​ជា​ក្រុម​ខ្លាំង​លេខ២​នៅ​ពូល B កម្ពុជា ត្រូវ​ប៉ះ​ក្រុម​អ៊ីរ៉ង នៅ​ពូល A នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ប្រកួត​ក្រោម​ការ​កាត់សេចក្តី​ពី​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ម៉ាឡេស៊ី Matolozi ក្រុម​កម្ពុជា បន្ត​ចាញ់​អ៊ីរ៉ង់ ២ទល់១ ហើយ​គ្រាប់​បាល់​១គ្រាប់​កាល​ពី​៤៩ឆ្នាំ​មុន​នេះ របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ ឌឿ សុខុម។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖​ខ្មែរ​​ម្នាក់​​នៅ​ប្រទេស​បារ៉ែន ស្កាត់​ជួយ​​ចម្អិន​ម្ហូប​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ដូច្នេះ​​កីឡាករ ឌឿ សុខុម ជា​ម្ចាស់​គ្រាប់​បាល់​ដែល​កម្ពុជា ទាត់​ចូលទី​ក្រុម​អ៊ីរ៉ង់ តែ​ម្នាក់​គាត់​ក្នុង​ប្រវត្តិ​សាស្ត្រ​ពេល​ក្រុម​ទាំង​២​ជួប​គ្នា ក្នុង​ចំណោម​ជំនួប​៣លើក​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​២ តែ​បើ​បូក​ជំនួប​ចុងក្រោយ​កាល​ពី​ឆ្នាំ​​២០១៩ កម្ពុជា បន្ត​ចាញ់​អ៊ីរ៉ង់ ១៤ទល់០ នោះ​អ៊ីរ៉ង់ ទាត់​ចូល​ទី​កម្ពុជា បាន​​១៨​គ្រាប់​ និង​កម្ពុជា ទាត់​ចូល​ទី​ក្រុម​អ៊ីរ៉ង់ វិញ​បាន១គ្រាប់​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា​កម្ពុជា ជា​ក្រុម​ឈរ​ចំណាត់​ថ្នាក់​លេខ​៤​ នៅ​ឆ្នាំ​​១៩៧២ ខណៈ​អ៊ីរ៉ង់ វិញ​ឈ្នះ​ជើង​ឯក​​៣​ជំនាន់​ជាប់ៗគ្នា គឺ​នៅ​ឆ្នាំ​១៩៦៨,១៩៧២ និង​១៩៧៦ ស្រប ពេល​ពាន​រង្វាន់​ AFC Asian Cup ធ្វើ​ឡើង​នៅ​រាល់​៤ឆ្នាំ​ម្តង​ចាប់​ពី​ឆ្នាំ​១៩៥៦ ដល់​បច្ចុប្បន្ន។

ងាក​មក​កាន់​បច្ចុប្បន្នកាល​វិញ​របស់​ក្រុម​អ៊ីរ៉ង់ កំពុង​តែ​ឈរ​ចំណាត់​ថ្នាក់៣១​ពិភពលោក ដែល​ដាក់​ពិន្ទុ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ស្រប​ពេល​កម្ពុជា ឈរ​ចំណាត់​ថ្នាក់​លេខ​១៧៤ ពិភពលោក ក្នុង​ចំណោម​ប្រទេស​២១០ ជា​សមាជិក។

អត្ថបទពាក់ព័ន្ធ៖FIFA Ranking៖បែលហ្សិក លេខ១​ពិភពលោក ជប៉ុន លេខ១​នៅ​អាស៊ី កម្ពុជា ​លេខ១៧៤

បើ​ក្រឡេក​មក​មើល​​សមាជិក​ក្រុម​ទាំង​២​វិញ កម្ពុជា មិន​មាន​កីឡាករ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ស្រប​ពេល​ក្រុម​អ៊ីរ៉ង់ វិញ​​មាន​តែ​កីឡាករ​៩នាក់​ប៉ុណ្ណោះ​ដែល​ប្រកប​អាជីព​នៅ​ក្នុង​ស្រុក ហើយ​ក្រៅ​ពី​នោះ​ភាគ​ច្រើន​ប្រកប​អាជីព​នៅ​ក្លិប​ល្បីៗ​ក្នុង​ទ្វីប​អឺរ៉ុប ដូចជា​​ខ្សែ​ប្រយុទ្ធ Sardar Azmoun លើក​ពាន​លីគ​កំពូល​ប្រទេស​រុស្ស៊ី ជាមួយ​ក្លិប Zenit Saint Petersburg ហើយ​កីឡាករ Mehdi Taremi ជា​​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្តរួម​ក្រុម​ទាត់​​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​ព័រទុយហ្គាល់ ក្នុង​ក្លិប Porto។ ខ្សែ​បម្រើ Saman Ghoddos ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម​​Brentford ឡើង​ទៅ​លេង​លីគ​កំពូល​អង់គ្លេស​រដូវកាល​ថ្មី​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​​វគ្គ​ជម្រុះ​ជុំ​ទី២ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក ​2022 FIFA World Cupពូល C នេះ​វិញ​​កម្ពុជា បាន​អស់​ឱកាស​​ឡើង​ទៅ​ជុំ​បន្ទាប់​ហើយ និង​ជា​ប្រកួត​ចុង​ក្រោយ​ប្រចាំ​ពូល​ផង​ដែរ។ តែ​អ៊ីរ៉ង់ វិញ​មិន​ទាន់​ប្រាកដ​កៅអី​នៅ​ឡើយ​នោះ​ទេ ក្រោយ​ជួប​កម្ពុជា ក្រុម​អ៊ីរ៉ង់ ត្រូវ​បន្ត​ជួប​​ក្រុម​អ៊ីរ៉ាក់ ដើម្បី​កាត់សេចក្តី​​រក​ជើង​ខ្លាំង​ប្រចាំ​ពូល​​ផង​ដែរ៕

Telegram-Troryorng
Share.