សិល្បៈ​ជាតិ​៖ ក្រុម​​តន្ត្រី​ប៉ុប​-រ៉ក់​កម្ពុជា​ចំនួន​ពីរ​គឺ​ RIZER និង​ SUFFER ត្រៀម​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ការ​ប្រគំ​តន្ត្រី​ ASEAN MUSIC Festival ២០២២​ តប​តាម​ការ​អញ្ជើញ​ពី​ភាគី​ប្រទេស​ឥណ្ឌា​។

ការ​ដែល​ក្រុម​ចម្រៀង​រ៉ករបស់​ផលិតកម្ម​រណ្ដំ​ទាំង​ពីរ​ក្រុម​នេះ​​ត្រូវ​បាន​មិត្ត​បរទេស​អញ្ជើញ​ឱ្យ​ទៅ​ច្រៀង​កិត្តិយស​​នៅ​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​​នេះ​​ ព្រោះ​តែ​ក្រុម​ចម្រៀង​ទាំង​ពីរ​​ ​ជា​ក្រុម​ចម្រៀង​​ប្រកប​ដោយ​គុណភាព​ខ្ពស់​ មានប្រជាប្រិយភាព​ល្បីល្បាញ​ក្នុង​ស្រទាប់​មិត្តៗ​យុវវ័យ​ ដោយ​​មាន​ចំនួន​ Like Page រហូត​ដល់​ 169K ជា​អំនះអំនាង​ស្រាប់​។

ថ្លែង​ប្រាប់​សារព័ត៌មាន​ត្រយង​តាម​ប្រព័ន្ធ​តេឡេក្រាម​ លោក​ អេង​ រស្មី​ អ្នកដឹកនាំ និង អ្នកចាត់ការទូទៅក្រុម​តន្ត្រី​តំណាងអោយ រណ្តំ ដឹកនាំក្រុមតន្រ្តី RIZER និង SUFFER ទៅចូលរួមមហោស្រពតន្រ្តីដ៏ធំប្រចាំឆ្នាំនៅប្រទេស India ដែលមានគ្រប់ប្រទេសក្នុង ASEAN ចូលរួម បាន​បង្ហាញ​ពី​មោទកភាព ដែលក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បានជ្រើសរើសក្រុមតន្រ្តីទាំងពីរ ទៅចូលរួមសម្តែង។

លោក​បាន​បន្ត​ទៀត​ថា​ មហោស្រពតន្រ្តី ASEAN INDIA MUSIC FESTIVAL 2022 គឺផ្តោតទៅលើការប្រគំតន្រ្តីប្រភេទរ៉ក ដូច្នេះ​ក្រុមតន្រ្តី RIZER និង SUFFER ​ដែល​សុទ្ធសឹង​ជា​ក្រុមតន្រ្តីបែបរ៉ក គឺ​មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការសម្តែងជាមួយឧបករណ៍តន្រ្តី​ ព្រោះ​​សមាជិក​ម្នាក់ៗ​មានបទពិសោធន៍​លើ​វិស័យ​តន្ត្រីនេះ​ច្រើនជាង១៥ឆ្នាំ​។ ជាក់​ស្ដែង​ ក្រុម RIZER និង SUFFER ក្នុងចំនោមសមាជិក ៦នាក់ក្នុងនោះមាន ៥នាក់ គឺ​ជាបងប្អូនបង្កើត​​និង​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ ​ដោយ​ទទួល​បាន​ការហ្វឹកហាត់ផ្នែកឧបករណ៍តន្រ្តីពីឪ​ពុកដែលជាសាស្ត្រាចារ្យផ្នែក​តូរ្យ​តន្រ្តីតាំងពីកុមារភាព​មក​ម្ល៉េះ​។

ដោយ​ឡែក​សម្រាប់​ការ​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​គឺមាន​រយៈ​ពេល​៤០​នាទី​ ​ក្រុម​ទាំងពីរ​បាន​ជ្រើសរើស​​សម្រិត​សម្រាំង និង​រៀបចំ​ឡើង​វិញ​នូវ​បទ​ចម្រៀង​សុទ្ធ​សឹង​ជា​បទ​ចង្វាក់​រ៉កយក​ទៅ​សម្ដែង​ ​ជា​ពិសេស​ទៀត​នោះ​​មាន​​បញ្ចូល​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ដើម្បីបញ្ជាក់​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​​ក្នុង​ការ​សម្ដែង​នោះ​ថែម​ទៀត​ផង​។ មិន​ត្រឹម​តែ​ត្រៀម​បញ្ចូល​ឧបករណ៍​ភ្លេង​ខ្មែរ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក្រុម​តន្ត្រី​តំណាង​កម្ពុជា​ទាំងពីរ​នេះ​បាន​រៀបចំ​សំលៀក​បំពាក់​ដែល​មាន​លក្ខណៈ​រ៉ក់​ ប៉ុន្តែ​កែច្នៃ​រំលេច​ក្បាច់​ផ្កា​របស់​ខ្មែរ​ ដែល​ធ្វើ​ឱ្យ​ឈុត​សំលៀក​បំពាក់​របស់​ក្រុម​នេះ​បាន​ក្លាយ​ជា​អត្តសញ្ញាណ​សម្គាល់​ជា​តិសាសន៍​ខ្មែរ​យ៉ាង​សំខាន់​ផង​ដែរ​។

តំណាង​ឱ្យ​ក្រុម​ចម្រៀង​ RIZER និង​ SUFFER លោក​ អេង រស្មី​បាន​គូសបញ្ជាក់​ថា ក្រុម​ការងារទាំង​អស់​របស់​ផលិតកម្ម​រណ្ដំ​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ការ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ឥណ្ឌា​ ដែល​មាន​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ នឹង​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ តាម​រយៈ​ការ​ប្រគំតន្ត្រី​រ៉ក់​ ព្រោះ​​លោក​មាន​ការ​ជឿជាក់​ចំពោះ​ក្រុម​តន្ត្រីទាំង​ពីរ​និង​សមត្ថភាព​រៀបចំ​របស់​ក្រុម​ការងារ​ក្នុង​ផលិតកម្ម​។

ក្រុម​តន្ត្រី​ទាំងពីរ​របស់​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​មាតុភូមិ​កំណើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​វេលា​ម៉ោង​ ៨​និង​៣០​នាទី​ នា​ព្រលានយន្ត​ហោះ​ពោធិ៍​ចិន​តុង​ សម្រាប់​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ពេញ​ចិត្ត​អាច​ទៅ​ចូលរួម​ជូន​ដំណើរ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​យើង​ឱ្យ​បាន​ច្រើន​កុះករ​៕​

Share.