វីដេអូ​រាំ​បែប​ស្រើបស្រាល​រោល​រាល​ជា​ច្រើន​ឃ្លីប​​ដែល​បង្ហោះ​ដោយ​គណនី​ Tiktok ឈ្មោះ​ N_A_K_B_L និង​មាន​​គណនី​ហ្វេសប៊ុកឈ្មោះ​​ថា​ ចាន់ ណាក់​ កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​សម្បើម​ពី​ Followers រហូត​មាន​គណនី​​​មួយ​ឈ្មោះ​​ Happy Watch បាន​យក​វីដេអូ​​មួយ​ក្នុង​ចំណោម​​វីដេអូ​រាំ​​​ចាក់​ក្បាច់​​​របៀប​​ស្រើប​ស្រាល​នោះ​ទៅ​បង្ហោះបន្ត​​​នៅ​លើ​ហ្វេសប៊ុក។

​វីដេអូ​ខ្លី​​មួយ​​ដែល​ Happy Watch បាន​បង្ហោះ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​វិច្ឆិកា​ កន្លង​ទៅ​នោះ ​មាន​រយៈ​ពេល​ត្រឹម​តែ​ ៣៨​ វិនាទី​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ចំនួន​ Views រាប់​​ម៉ឺន​ដង​ និង​មាន​ចំនួន​ចែក​រំលែក​ជាង ៣៦៤៣​ដង​ គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែវិច្ឆិកា។​ ភាគ​ច្រើន​អ្នក​លេង​បណ្ដាញ​សង្គមបាន​បញ្ចេញ​យោបល់​ និង​ទស្សនៈ​យល់ឃើញ​ផ្សេង​ៗ​គ្នា​ពាក់​ព័ន្ធ​នឹង​វីដេអូ​នេះ​ ប៉ុន្តែ​ក្នុង​ន័យ​រួម​គឺ​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​ទាល់​សោះ​ចំពោះ​រូប​ភាព​រាំ​បែប​​សិចស៊ី​និង​ស្រើបស្រាល​ក្នុង​​​វីដេអូ​ខាង​លើ​នេះ​។

តាម​ដឹង​ វីដេអូ​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​រិះគន់​យ៉ាង​ដំណំ​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​ការ​ប្រគំ​តន្ត្រី​មួយ​​មាន​នៅ​ទីតាំង​ ក្រុង​តាខ្មៅ​ ទីរួម​ខេត្ត​កណ្ដាល នេះ​បើ​តាម​ការ​រៀបរាប់​ពី​អ្នក​បង្ហោះ​ខាង​លើ​​។ បើ​តាម​ការ​ជជែកវែក​ញែក​​គ្នា​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ វីដេអូ​នោះ​គឺជា​ការ​រាំ​ប្រកួត​គ្នា​បទ​ចម្រៀង​របស់​តារា​ចម្រៀង​យូរី​ ដោយ​ជ្រើស​រើស​យុវជន​ និង​យុវ​នារី​ក្លាហាន​ ឡើង​មក​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុម​រាំ​របស់​កញ្ញា​ អ្នក​រាំ​ប្រុស​គូ​នឹង​យុវ​នារី​​ ឯ​អ្នក​រាំ​ស្រី​គូ​នឹង​យុវជន​ដែល​ក្លាហាន​ហ៊ាន​ឡើង​សមត្ថភាព​ដូច​គ្នា​​។

កម្មវិធី​តម្រូវ​ឱ្យ​ឡើង​មករាំ​ ​ចំពោះ​អ្នក​ដែល​រាំ​បាន​ស្អាត​និង​លេច​ធ្លោ​ហើយ​ស៊ីសង្វាក់​គ្នា​ជាង​គេ​នឹង​ទទួល​បាន​រង្វាន់​ យ៉ាង​ណា​មិញ​ការ​បង្ហាញ​សមត្ថភាព​ដើម្បី​ទទួល​បាន​រង្វាន់​ពី​យុវជន​និង​យុវនារី​នៅ​ក្នុង​វីដេអូ​នោះ​បាន​ធ្វើ​ឱ្យ​សាធារណជន​ យល់​ឃើញ​ថា​ជា​ទង្វើ​អនាចារ អាសអាភាស និង ​អសីលធម៌ ដែល​ជា​គំរូមិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ ពិសេស​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​អារ្យធម៌​​ខ្ពង់ខ្ពស់​និង​វប្បធម៌​ដ៏​ផូរផង់​មួយ​។

បញ្ហា​នេះ​បើ​បន្ទោស​ទៅលើ​យុវជន​-យុវនារី​ដែល​ឡើង​ប្រកួត​ក៏​មិន​ត្រូវ​ប៉ុន្មាន​នោះ​ដែរ ព្រោះ​នៅ​ពេល​ឡើង​ទៅ​លើ​ឆាក​នោះ​ ពួក​គេ​ម្នាក់​ៗ​មិន​ចាប់​អារម្មណ៍​អ្វី​ច្រើន​ ​ក្រៅ​ពី​ការ​ផ្ដោត​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លួន​ឈ្នះ​ ដើម្បី​ទទួល​បាន​រង្វាន់​ ប្រាកដ​ជា​មិន​ចាប់​ភ្លឹក​នឹក​ដល់​មតិ​រិះគន់​ដែល​អាច​នឹង​កើត​មាន​នោះ​ឡើយ​ ប៉ុន្តែ​អ្នក​ដែល​គួរ​ទទួល​ខុស​ត្រូវ​និង​គួរ​តែ​ចេញ​មុខ​សុំ​ទោស​គួរ​តែ​ជា​ Organizer ឬ​ក៏​ Producer ដែល​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី​ធំ​ទៅវិញ​នោះ​ទេ​​ ព្រោះ​​នៅ​ពេល​ឃើញ​រូប​ភាព​បែប​នេះ​ហើយ​ មិន​ត្រឹម​តែមិន​ហាម​ឃាត់​នោះ​ទេ​ បែរ​ជា​បណ្ដែត​បណ្ដោយ​ឱ្យ​យុវជន​-យុវតី​ទាំង​អស់​នោះ​បន្ត​រាំ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​រងើល​ទៅ​វិញ។

ជា​ការ​ពិត​​ណាស់​ការ​ប្រគំ​តន្ត្រី​របស់​ស្រាបៀរ​ គ្រុឌ ធ្វើ​ឡើង​ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​ដល់​សាធារណជន​មួយ​ផ្នែក​ ហើយ​មួយ​ផ្នែក​ទៀត​គឺ​ចូលរួម​ជា​ចំណែក​លើក​ស្ទួយ​និង​អភិវឌ្ឍ​សិល្បៈ​ចម្រៀង​ និង​តន្ត្រី​របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​បង្កើត​វេទិកា​តន្ត្រី​ដើម្បី​ឱ្យ​​សិល្បករ​ តារា​ចម្រៀង​មាន​ទីផ្សារ និង​មាន​អាជីព​ការងារ​ដែល​ជា​ប្រភព​ចំណូល​​​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​។ ​កន្លង​ទៅថ្មីៗ​នេះ​ ​​ស្រាបៀរ​គ្រុឌ​បាន​​​ចូលរួម​យ៉ាងសកម្ម​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ ធ្វើ​ឱ្យ​កើត​មាន​​កម្មវិធី​​ Cambodian Idol ដែល​ទើប​តែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ​ដែរ​ ហេតុ​ការណ៍​ខាង​លើ​នេះ តើ​​អាច​ជា​ការ​បង្កើត​ព័ត៌មាន​ចចាម​អារ៉ាមលាប​ពណ៌​​បែប​ញ៉ុះញង់​​កេង​ចំណេញ​​ប្រយោជន៍​ ដើម្បី​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​កិត្តិយស​របស់​ក្រុម​ហ៊ុន​នេះទេ​​?​

ខណៈ​​នេះ​​ភាគី​ពាក់ព័ន្ធ​​ដូច​ជា​ក្រសួង​​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​​មិន​ទាន់​ដាក់​បន្ទុក​ទៅ​លើ​ក្រុមហ៊ុន​​វឌ្ឍនៈចំពោះ​ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី មាន​ការ​រាំ​រែក​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​​​នៅ​ឡើយ​ទេ​​ ដោយ​ទុកឱ្យ​​​ជំនាញ​សិក្សា​ទៅ​តាម​បច្ចេក​ទេស​ ថា​តើ​ការ​សម្ដែង​នេះ​គឺជា​ការ​សម្ដែង​នៅ​ជ្រុង​ណា​មួយ​ហើយ​យក​មក​ភ្ជាប់​ជាមួយ​នឹង​ការ​ប្រគំ​តន្ត្រី​​ឬ​ក៏​យ៉ាង​ណា?​ ​សរុប​សេចក្ដី​មក​គឺ​ក្រសួង​ចង់​រក​ឱ្យ​ឃើញ​ការ​ពិត​ជៀសវាង​ចោទប្រកាន់​ឬ​ដាក់​បន្ទុក​ខុស​។

ដោយ​ឡែក​ក្រុមហ៊ុន​វឌ្ឍនៈ​ក៏​កំពុង​តែ​ដាក់​ពាក្យ​បណ្ដឹង​ ដើម្បី​ឱ្យ​ខាង​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​មនុស្ស​ដែល​​ប្រព្រឹត្តិ​​មក​សួរ​នាំ​ ដើម្បី​រក​ឱ្យ​ឃើញ​ការ​​ពិត ថា​សកម្មភាព​នេះ​ពិត​​ជា​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​​ក្រុមហ៊ុន​វឌ្ឍនៈ​​ឬក៏​ជា​សកម្ម​ភាព​​របស់​ក្រុម​ណាមួយ​បង្កើត​ឡើង​​ហើយ​យក​រូប​ភាព​ខនសឺត​របស់​ក្រុមហ៊ុន​ទៅផ្សារ​ភ្ជាប់​។

ទស្សនា​វីដេអូ​ដែល​រង​ការ​រិះគន់​ខាង​ក្រោម​នេះ​៖

Share.