បវកញ្ញា​ទេសចរណ៍​ ឆន​ ស្រីណេត​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ហោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ដើម្​បីតំណាង​ឱ្យ​ប្រទេស​កម្ពុជា​ប្រកួត​នៅ​លើ​វេទិការ​អន្តរជាតិ​ Miss​​ Tourism​​ International​ 2022​ ។​

នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​នេះ​ កញ្ញា​ ឆន​ ស្រីណេត​ បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញ​ថា​ កញ្ញា​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ក្នុង​ការ​ចូល​រួម​ដណ្ដើម​មកុដ​ពី​កម្មវិធី​ Miss​​ Tourism​​ International​ 2022​ ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​ ១១​ ដល់​ថ្ងៃ​ទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​នេះ​។​

កញ្ញា​ ឆន​ ស្រីណេត​ ​ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង​ថា​ កញ្ញា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូល​រួម​ប្រកួត​ ដោយ​កញ្ញា​អះអាង​ថា​នឹង​បង្ហាញ​​ ផ្សព្វផ្សាយ ពី​សិល្បៈ​វប្បធម៌​ខ្មែ​រ​ ជា​ពិសេស​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​។ ស្រីណេត​ថា​ ខ្លួន​បាន​ត្រៀម​បង្ហាញណែនាំឱ្យ​អ្នកគាំទ្រ​កម្មវិធី​ទូទាំង​ពិភពលោក​បាន​ស្គាល់​ពី​រមណីដ្ឋាន​ភ្នំ​ព្រះរាជទ្រព្យ​ ឬភ្នំឧត្តុង្គ​ ដែល​ជា​ទីតាំង​ប្រវត្តិសាស្ត្​ររបស់​ប្រទេស​កម្ពុជា​។

យ៉ាង​ណា​មិញ​ ស្រីណេត​ ធ្លាប់​ប្រាប់​ដែរ​ថា ​ដោយ​សារ​ពី​មុន​កញ្ញា​ធ្លាប់​កើត​ជំងឺមហារីក​ និង​ ឆ្លង​កាត់​ជីវិត​ពឹង​ផ្អែក​លើ​រទេះ​រុញ​រហូត​ដល់​ថ្នាក់​ធ្លាប់​គិត​បញ្ចប់​ជីវិត​របស់​ខ្លួន​ ប៉ុន្តែ​ទោះ​បី​បាក់​ទឹកចិត្ត​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ ក៏​កញ្ញា​មិន​បោះបង់​ខ្លួន​ឯង​ចោល​ឡើយ មាន​តែ​ប្រឹងតស៊ូ​រហូត​អាច​ក្រោក​ឈរ​ជា​ថ្មី​ម្ដង​ទៀត​។ ហើយ​កញ្ញា​ថា​នឹង​នាំ​សារ​នេះ​ទៅ​ប្រាប់​អ្នក​គាំទ្រ​ទាំងអស់​នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​លើ​វេទិការ​ប្រកួត​។

ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ប្រកួត​ Miss​​ Tourism​​ International​ 2022​ ស្រី​ណេត​ បាន​ត្រៀម​ឈុត​ក្បាច់គុន​ល្បុក្កតោ​ និង​ឈុតអប្សរា​ ដើម្បី​បង្ហាញ​នៅ​លើ​វេទិការ​។ ការ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ គឺ​កញ្ញា​ទៅ​តែ​ម្នាក់​ឯង ​មិន​ថា​ ​ការ​ស្លៀកពាក់​ ផាត់មុខ​ ធ្វើសក់​ រៀប​ចំខ្លួន​គឺកញ្ញា​ពឹង​លើ​ខ្លួនឯង​ទាំង​ស្រុង​។ កញ្ញា​រំពឹង​ថា​ កញ្ញា​នឹង​នាំ​ភាព​ជោគ​ជ័យ​មក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​ទាល់​តែ​បាន​ ហើយកញ្ញា​អំពាវ​នាវ​ឱ្យ​បងប្អូន​ខ្មែរ​យើង​ជួយ​គាំទ្រ​ក​ញ្ញា​​ផង​ដែរ​៕

Share.