កាល​ពី​ថ្ងៃ​ទី​៩​ វិច្ឆិកា​ អតីតតារាចម្រៀង Rock ម៉ូលីកា ដែលក្លាយជាមេតុងទីនធំមួយនោះត្រូវបានក្រុមជនអានាមិកផ្ញើសារ ​ជា​អក្សរ ជា​សំឡេង​ និង ​រូប​ភាព​កាំ​ភ្លើង​ខ្លី​​កាំ​ភ្លើង​​អាកា គំរាម​មកលើ​អ្នក​នាង ដោយខ្លះ​បាន​និយាយបង្ខូចកេរ្ដិ៍ឈ្មោះ និងខ្លះទៀតបង្ខំ​ឲ្យនាងប្រគល់លុយជាថ្នូរពួកគេមិនធ្វើឲ្យនាង​ជួប​គ្រោះថ្នាក់។

​ក្រោយ​កើត​ករណីដ៏រសើបនេះ​ ​អ្នក​ម៉ូលីកា ​បាន​ចេញ​មក​ប្រតិ​កម្ម​តបត​ភ្លាម​ៗតាម​រយៈ​វីដេអូ​ Live ថា​ «​អ្នក​នាងមិនខ្លាចការគម្រាមទាំងនោះទេ ហើយ​កំពុងតែ ចង់វែក មុខថាអ្នកណាជាអ្នកនៅពីក្រោយខ្នងរឿងនេះ។ នៅ​ពេល​វែក​មុខ​ឃើញ​អ្នក​នាង នឹងចាត់ការតាមផ្លូវច្បាប់តែម្ដង ពោល គឺ មិនឲ្យជនបាតសង្គម​ទាំង​នោះរួចខ្លួនជាដាច់ខាត។»

សារ​ដែល​ជន​អនាមិក​ផ្ញើ​មក​គំរាម​ម៉ូលីកា​នោះ​ ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Kim Sophary ដោយ​ក្នុង​នោះ​មាន​ប្រើ​ពាក្យ​ពេចន៍​ថា​ដូច្នេះ​៖ «​​​មេតុង​ទីន​ ​ជំពាក់​លុយ​តុង​ទីន​រាប់​លាន​ដុល្លារ​ ​ហើយ​សុំ​មិន​ឲ្យ​គេ​ផុស​ ​គ្នា​ខ្លាច​អត់​បាន​លុយ​ចេះ​តែ​ចាញ់​បោក​វា​ ​តែ​ខ្ញុំ​អត់​ ​ព្រម​ទេ​ ​វា​យក​លុយ​គេ​ទិញ​ឡាន​ហ៊ឺហា​ ​ដេញ​តុង​ទីន​ ​មិន​ដែល​បាន​លុយ​គ្រប់​ម៉េច​ ឲ្យ​គេ​រំលស់​ ​កូន​ស្គាល់​វា​ ​បើ​មិន​ជំពាក់​គេ​វ័នក​ ​បើ​មិន​ចឹង​វា​ជំពាក់​កូន​រាប់​រយ​នាក់​ ​រាល់​ថ្ងៃ ​ហើយ​វា​នឹង​ប្រមូល​លុយ​អ្នក​ថ្មី​សង​អ្នក​ចាស់​ ​ចឹង​មាន​ន័យ​ថា​ចង់​បោក​អ្នក​ថ្មី​សង​ចាស់​ដែល​វា​បោក​មែន​ ​វីដេអូ​មា​​ន​ទៀត​ចាំ​ផុស​ ​ឲ្យ​អស់​ព្រោះ​ ​អាណិត​ ​អ្នក​ ​ក្រោយ​គ្នា​មិន​ដឹង​អី​ ខ្ញុំ​អ្នក​មុន​អត់​បាន​លុយ​ ​ហើយ​ខ្ញុំ​យល់​អារម្មណ៍​។​»​

យ៉ា​ណាមិញ​អ្នក​នាង​ម៉ូលីកា បាន​តប​​ចំពោះ​ជន​ដែល​ចោទ​ប្រកាន់​ខ្លួន​យ៉ាង​ខ្លី​ថា​៖ «ចង់​​និយាយ​ថា​ធ្វើ​ចឹង​ បាន​អី​មក​វិញ​? ផុស​និង​ចង់​បាន​អី​ឱ្យ​ប្រាកដ​? ម៉េច​មិន​យក​អាខោន​ពិត​មក​ផុស​មក​បើ​ខ្លាំង​?»

គណនី​ក្លែងក្លាយ​អស់​ទាំ​ង​នោះ​ក្រៅ​ពី​ផ្ញើ​សារ​ មក​គម្រាម​​ឱ្យ​អ្នក​នាង​ ត្រៀម​ខ្លួន​ហើយ​នោះ​ មាន​គណនី​ខ្លះ​ទៀត​ផ្ញើ​ជា​សំឡេង ផ្ញើ​ជា​រូប​ភាព​កាំ​ភ្លើង​ខ្លី និង​វែង​ ឱ្យ​អ្នក​នាង​ផ្ញើ​លុយ​ឱ្យ​ពួក​គេ​បើ​ចង់​សុខ​ខ្លួន​ មិន​ដូច្នោះ​ទេ​គេ​នឹង​សម្លាប់​អ្នក​នាង​ចោល​…។ល។

ត្រលប់​មក​វិញ​ អ្នក​នាង​ ម៉ូលីកា បាន​និយាយ​នៅ​ក្នុង​ការ​ Live Video បកស្រាយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ថា អ្នក​នាង​អត់​មាន​ស្គាល់​តាម​បំផ្លាញ​កិត្តិយស​អ្នក​នាង​ទេ ហើយ​អ្នក​ទាំង​នោះ​​ក៏​មិន​មែន​​ជា​កូ​នតុងទីនអ្នក​នាង​ដែរ។ អ្នក​នាង​បាន​បញ្ជាក់​ដដែល​ៗ​ថា​ បើ​ថា​អ្នក​នាង​បោកលុយ​តើ​អ្នក​នាង​បោក​ប៉ុន្មាន​?​ អ្នក​នាង​​បាន​ឱ្យ​ដឹង​ទៀត​ថា​ក្រុម​ដែល​ប្រើ​គណនី​ប្លែក​ៗ​នោះ​គំរាម​ឱ្យ​អ្នក​នាង​ប្រគល់​ លុយ​ បើ​មិន​ចង់​ឱ្យ​គេ​បាញ់​សម្លាប់​ចោល​។

ទោះ​ជា​រង​ការ​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​ក្ដី​ ម៉ូលីកា បាន ព្រមាន វិញថាអ្នកណាដែលចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់នាងគឺនាងមិនឲ្យពួកគេរួចខ្លួនជាដាច់ខាត ព្រោះអ្វីៗនឹងត្រូវធ្វើ ទៅតាមផ្លូវច្បាប់ទាំងអស់ ខណៈដែលពេលនេះនាងបានដឹងតម្រុយខ្លះៗ ​ថា​អ្នក​ណា​នៅក្រោយខ្នងជនទុច្ចរិត ទាំងនោះហើយ ប៉ុន្ដែនាងមិនទាន់បង្ហើបថា​ជា​សាធារណៈ​ទេ​ ព្រោះស្ថិតក្នុងតំណាក់កាលស៊ើបអង្កេត ពីក្រុមការងាររបស់នាង។

​អ្នក​នាង ​ម៉ូលីកា បាន​ឱ្យ​ដឹង​​ថាក្រោយមានជនមួយក្ដាប់តូចមកចោទប្រកាន់​អ្នក​នាងដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បែបនេះ មិន​បាន​ប៉ះពាល់ដល់សេចក្ដីទុកចិត្តរបស់កូនតុងទីន​អ្នក​នាង​ឡើយ ព្រោះពួកគេនៅតែមានជំនឿមកលើនាងដូចដើមដដែល។

គួរបញ្ជាក់ថាម៉ូលីកា ជាម្ចាស់ក្រុមហ៊ុនអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) បាន​ចុះ​ហត្ថលេខា​សហការណ៍​ជាមួយ​ ​ក្រុមហ៊ុន​មេធាវី​ អេជ អេន អេស (HSN law Group) ​កាល​ពី​ថ្ងៃ​សុក្រ​ ​ទី​២២​ ​ខែ​កក្កដា​ ឆ្នាំ​២០២២​ ​រយៈ​ពេល​១​ឆ្នាំ ​ដោយ​ផោ្ដត​លើ​សេវាកម្ម​ការពារ​ផ្លូវ​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ​និង​ជួយ​ សម្រួល​ ​ដល់​តំណើរ​ការ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ ​ក៏​ដូច​ជា​បង្កើន​នូវ​ជំនឿ​ចិត្ត​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់​ ​ហេតុនេះ​រាល់​ពេល​មាន​បញ្ហា​វិវាទ​ឬ​ជន​ណា​ចង់​ ធ្វើ​ឲ្យ​ ប៉ះពាល់​ដល់​ក្រុមហ៊ុន​នាងនោះរឿងរ៉ាវទាំងនោះត្រូវធ្វើទៅតាមផ្លូវច្បាប់ទាំងអស់។ ដូច្នេះ​ករណី​មាន​ក្រុមជន​ ​ផ្ញើសារ​​​គម្រាម​កំហែង​អាយុជីវិតនាងបែបនេះ ​ក្រុម​នោះ​មិន​អាច​ ​គេចផុត​ ​ពី​សំណាញ់​ច្បាប់​បាន​ឡើយ​ ហើយ​នាង​នឹង​វែក​មុខលាតត្រដាង​ពួក​គេ​នា​ពេល​ខាង​មុខ​នេះ​ហើយ​៕

Share.