Samuel Eto’o ​ប្រធានសហព័ន្ធកីឡបាល់បាល់ទាត់កាមេរូន (FECAFOOT) បានព្យាករណ៍ថាកាមេរូន នឹងក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ដោយយកឈ្នះ ម៉ារ៉ុក ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លោក Eto’o បាន​ថ្លែងដូច្នេះថា៖«អាហ្រ្វិក​តែងតែ​មាន​សក្តានុពល​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក ប៉ុន្តែ​យើង​​តែងតែ​បង្ហាញ​មុខ​មិន​សូវ​បាន​ល្អ​ឡើយ។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក្រុម​មក​ពី​អាហ្រ្វិក​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន​ឡើង ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​ត្រៀម​ខ្លួន មិន​ត្រឹមតែ​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​ឈ្នះ​វា​ផង​ដែរ។ កាមេរូន នឹង​ឈ្នះ​ការ​ប្រកួត​វគ្គផ្តាច់​ព្រ័ត្រ World Cup»។

អតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកាមេរូនរូបនេះបានជាប់ឆ្នោតធ្វើជា​ប្រធានសហព័ន្ធកីឡបាល់បាល់ទាត់កាមេរូន កាលពីថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១ ដោយ​ទទួល​បាន​ការគាំទ្រ​៤៣​សំឡេងពីសមាជិក។

កាលនៅជាកីឡាករ Eto’o ធ្លាប់លេងឲ្យ​ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុបដូចជា៖
– ១៩៩៧-២០០០ Real Madrid
– ២០០៤-២០០៩ Barcelona
– ២០០៩-២០១១ Inter Milan
– ២០១៣-១៤ Chelsea
– ២០១៤-១៥ Everton
– ២០១៨-១៩ Qatar SC និងក្លិបជាច្រើនផ្សេងទៀត ខណ:ក្នុងក្រុមជម្រើសជាតិកាមេរូន រូបគេធ្លាប់បង្ហាញខ្លួនសរុប១១៨លើក ស៊ុតបញ្ចូលទី៥៦គ្រាប់ ជួយឲ្យកាមេរូនឈ្នះពាន African Cup ២ដងនៅឆ្នាំ ២០០០ និង ២០០៦។

ក្រុមជម្រើសជាតិកាមេរូន ស្ថិតនៅពូល G ជាមួយជើងខ្លាំង ប្រេស៊ីល, ស្វីស​ និង ស៊ែប៊ី ដោយឡែកក្រុមជម្រើសជាតិម៉ារ៉ុក ស្ថិតនៅពូល F ជាមួយ បែលហ្សិក, ក្រូអាត និង កាណាដា ខណ:ពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ។

ក្រុមជម្រើសជាតិកាមេរូន ក្រោមការដឹកនាំរបស់លោក Rigobert Song នឹងត្រូវជួបបើកឆាកជាមួយ ស្វីស នៅកីឡដ្ឋាន Al Janoub វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា៕

Share.